Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកម៉ៅការចាក់ថ្មធ្វើផ្លូវពីស្រុកត្បែងមានជ័យ ទៅស្រុកជ័យសែន ត្រូវគេប្ដឹងពាក់ព័ន្ធឆបោកលុយជាង៦ម៉ឺនដុល្លារ រឿងទិញថ្មមិនឲ្យលុយ​

22-05-2018 12:02

(ព្រះវិហារ)៖ អ្នកម៉ៅការចាក់ថ្មធ្វើផ្លូវមួយខ្សែ ចាប់ពីស្រុកត្បែងមានជ័យ ទៅស្រុកជ័យសែន ខេត្តព្រះវិហារ ត្រូវបានគេប្តឹងរឿងជំពាក់ប្រាក់ និងចេញសែកស្អុយ សរុបជាង៦ម៉ឺនដុល្លារ ពាក់ព័ន្ធការទិញថ្មយកទៅក្រាលផ្លូវ។

ជនរងគ្រោះដែលរងនូវការឆបោកខាងលើនេះ គឺលោក ម៉ក់ ស៊ុនហេង អាយុ៦៦ឆ្នាំ រស់នៅភូមិគោកបេង សង្កាត់ប្រណាក ក្រុង-ខេត្តព្រះវិហារ។ លោក ម៉ក់ ស៊ុនហេង បានដាក់ពាក្យបណ្តឹង ទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ដោយប្តឹងឈ្មោះ ឈឹម រតនៈសុវណ្ណា ដោយចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងរំលោភលើសេចក្តិទុកចិត្ត» ដែលប្រព្រឹត្តទៅនៅភូមិទំនបន់ សង្កាត់ប៉ាហាល ក្រុង-ខេត្តព្រះវិហារ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨។ នេះបើយោងតាមពាក្យបណ្តឹងរបស់លោក ម៉ក់ ស៊ុនហេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ។

នៅក្នុងពាក្យបណ្តឹងលោក ម៉ក់ ស៊ុនហេង បានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ឈ្មោះ ឈឹម រតនៈសុវណ្ណា បានចេញសែករបស់ធនាគារ May Bank នូវទឹកប្រាក់ចំនួន២ម៉ឺនដុល្លារ និងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ឈ្មោះដដែលនេះ បានចេញសែកមួយទៀតមានទឹកប្រាក់ចំនួន២២០៤០ដុល្លារ ប៉ុន្តែនៅពេលលោកយកសែកទាំង២នេះ ទៅបើកនៅធនាគារ ស្រាប់តែខាងធនាគារប្រាប់វិញថា សែកទាំង២នេះគ្មានទឹកប្រាក់ឡើយ។

លោក ម៉ក់ ស៊ុនហេង ក៏បានបញ្ជាក់បន្ថែមថា​ ក្រៅពីការចេញសែកនេះ ឈ្មោះ ឈឹម រតនៈសុវណ្ណា ក៏បានជំពាក់តាមរយៈការចេញវិក័យប័ត្រជាង២ម៉ឺនដុល្លារទៀត ដូច្នេះសរុបនូវទឹកប្រាក់ ដែលជននេះឆបោកនោះមានជាង៦ម៉ឺនដុល្លារ។ លោកថា បន្ទាប់ពីប្រើរូបភាពឆបោកខាងលើនេះ លោកបានព្យាយាមទូរស័ព្ទទាក់ទងរហូត ប៉ុន្តែមិនលើក និងតេមិនចូល ហើយរត់គេចខ្លួនរហូត។

បើតាមលោក ម៉ក់ ស៊ុនហេង ឈ្មោះឈឹម រតនៈសុវណ្ណា ជាអ្នកតំណាងឲ្យក្រុមហ៊ុនបន្ទាយស្រី ម៉ៅការធ្វផ្លូវពីស្រុកត្បែងមានជ័យ ទៅស្រុកជ័យសែន ហើយបានទៅទិញថ្មពីកន្លែងរបស់លោក។ លោកសូមអំពាវនាវឲ្យព្រះរាជអាជ្ញា ជួយចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានតឹងរឹងជាបំផុត។

ខាងក្រោមនេះ ជាពាក្យបណ្តឹងរបស់ជនរងគ្រោះ៖