(ប៉ារីស)៖ រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ OIE បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងអុតក្តាម ដែលមានតម្លៃ៤៥ម៉ឺនដុល្លារអាមេរិក ផ្តល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការផ្តល់ជំនួយវ៉ាក់សាំងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអញ្ជើញចូលរួម ក្នុងមហាសន្និបាតលើកទី៨៦ របស់អង្គការសុខភាពសត្វពិភពលោក (OIE) នៅទីក្រុងប៉ារីស ប្រទេសបារាំង។
លោក វេង សាខុន បានបញ្ជាក់នៅក្នុង Facebook ផ្លូវការរបស់ខ្លួនថា «អ្វីដែលយើងទទួលបានពីកិច្ចប្រជុំលើកទី៨៦ របស់អង្គការសុខភាពសត្វពិភពលោក នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ គឺតំណាងរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ OIE បានផ្តល់វ៉ាក់សាំងអុតក្តាម ទ្រីវ៉ាឡង់ ចំនួន៣០០,០០០កម្រិត ដែលមានតម្លៃប្រមាណជា ៤៥០,០០០ដុល្លារអាមេរិក ផ្តល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះហត្ថលេខាទទួល នាថ្ងៃនេះ»។
លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា វ៉ាក់សាំងនេះ នឹងដឹកជញ្ជូនតាមយន្តហោះ មកដល់កម្ពុជាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
សូមជម្រាបថា លោក វេង សាខុន កាលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីទៅចូលរួមមហាសន្និបាត លើកទី៨៦ របស់អង្គការសុខភាពសត្វពិភពលោក រយៈពេល៥ថ្ងៃ ពោលចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
គោលបំណងនៃមហាសន្និបាតលើកទី៨៦ គឺដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន ពាក់ព័ន្ធនឹងការកំណត់ស្តង់ដារ នៃការត្រួតពិនិត្យសុខភាពសត្វ និងម្ហូបអាហារ វិធានការការពារជំងឺឆ្លងសត្វ និងពីសត្វមកមនុស្ស ជំរុញការធ្វើពាណិជ្ជកម្មសត្វ និងសាច់សត្វ ដោយផ្អែកលើព័ត៌មានវិទ្យាសាស្ដ្រថ្មីៗ រួមទាំងទទួលស្គាល់សមាជិកភាពថ្មី ដែលអង្គសន្និបាតបានសម្រេច៕