(ឡាហាវ៉ាន់)៖ មនុស្សម្នាក់ក្នុងចំណោមអ្នកបានរួចរស់ជីវិត ក្នុងសោកនាដកម្មធ្លាក់យន្ដហោះនៅប្រទេសគុបាយ បានស្លាប់ហើយនៅថ្ងៃចន្ទនេះ (ម៉ោងនៅក្នុងតំបន់) ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក ហើយដែលនេះធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ១១១នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។
ជាមួយគ្នានោះ បើតាមមន្ត្រីសុខាភិបាលគុយបា ជនរងគ្រោះខាងលើឈ្មោះ ហ្គ្រែតធែល ឡេនដ្រូវ (Grettel Landrove) មានអាយុ ២៣ឆ្នាំ ជានិស្សិតម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរងរបួសផ្នែកក្បាលយ៉ាងធ្ងន់ធ្ងរ។ Landrove ស្ថិតនៅក្នុងចំណោមអ្នកនៅរស់ ០២នាក់ ផ្សេងទៀតក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនក្នុងប្រទេសគុយបា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលីស្តូ ហ្គាសៀ (Calixto Garcia Hospital) ក្នុងរដ្ឋធានីឡាហាវ៉ាន់។
គួរបញ្ជាក់ថា យន្តហោះដែលធ្លាក់នោះជាប្រភេទ Boeing 737-201 ហើយមកទល់ពេលនេះ គេមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ នៃការធ្លាក់នៅឡើយទេ ដោយវាកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត។ យន្តហោះនេះមានគោលដៅពីរដ្ឋធានីឡាហាវ៉ាន់ ឆ្ពោះទៅកាន់ទីក្រុង ហូលហ្គីន (Holguin) ដោយវាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ដាមូស (Damojh) នៃប្រទេសម៉ិចស៊ីកូ និងត្រូវបានជួលដោយក្រុមហ៊ុនអាកាសចរណ៍ជាតិគុយបា៕