(គូឡាឡាំពួរ)៖ អតីតនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បានធ្វើ​ដំណើរ​​ទៅដល់ការិយាល័យ នៃ​គណៈកម្មការប្រឆាំងអំពើ​ពុករលួយ (MACC) ហើយនៅ​ថ្ងៃអង្គារនេះ ដើម្បីស្រាយ​បំភ្លឺក្នុងការស៊ើបការ​អង្កេត ពាក់ព័ន្ធ​នឹងការ​ចោទប្រកាន់​ជុំវិញសំណុំ​រឿងពុក រលួយនៃ​មូលនិធិរដ្ឋ 1MDB។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន​ ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២២​ ខែឧសភា ឆ្នាំ២០១៨។​

MACC បាននិយាយថា ខ្លួនបានកោះ​អញ្ជើញ​លោក ណាជីប ឱ្យបាន​មក​ចូលរួម​ក្នុងការ​ស៊ើបការអង្កេត​លើក្រុមហ៊ុន​មួយឈ្មោះ SRC International មានជាប់ទាក់ទិន​នឹងមូល​និធិរដ្ឋ 1MDB ដែលលោក ណាជីប ផ្ទាល់ បានបង្កើតឡើង​កាលពី​ឆ្នាំ២០០៩។ ប៉ុន្តែ​អតីត​នាយករដ្ឋ​មន្ត្រីរូបនេះ ធ្លាប់បានច្រាន​ចោលរាល់ការចោទ​ប្រកាន់ប្រឆាំង​នឹងរូប ខណៈប៉ូលិស​ម៉ាឡេស៊ី បានរឹបអូស​លុយទាំង​គីបៗ គ្រឿងអលង្កា និងកាបូប​យួរដៃ​ជាច្រើន ពីលំនៅដ្ឋានឯក និងខុនដូប្រណិត​ដែលមានពាក់ព័ន្ធ​នឹងលោក ណាជីប រ៉ាហ្សាក់។

គួរបញ្ជាក់ថា ការចុះឆែកឆេរ​របស់ប៉ូលិស និងការកោះហៅ លោក ណាជីប ឱ្យចូលខ្លួនបំភ្លឺ ធ្វើឡើងក្នុងក្រប​ខណ្ឌនៃការស៊ើបអង្កេត លើអំពើពុក​រលួយនៃមូលនិធិរដ្ឋ1MDB ហើយនេះជា​ផ្នែកមួយនៃការសន្យា​របស់​នាយករដ្ឋមន្ត្រីថ្មី លោក មហាធៀ មហាម៉េដ ដែលចង់ ឱ្យលោក ណាជីប ទទួល​ខុសត្រូវចំពោះមុខច្បាប់ បើសិនជាលោកគ្មានកំហុសមែននោះ៕