(ហ្សាការតា)៖ ភ្នំម៉ឺរ៉ាពី (Merapi) ដែលជាភ្នំភ្លើង​សកម្មជាងគេនៅ​ឥណ្ឌូណេស៊ី បានជះកម្អែរផះ​កម្ពស់ប្រហែល ៣,៥០០គីឡូម៉ែត្រ ឡើងទៅលើ​ផ្ទៃ​អាកាស​នា​ថ្ងៃអង្គារនេះ ដែលបង្ខំឲ្យមនុស្ស​រស់នៅ​ជុំវិញនោះ ធ្វើការជម្លៀស​ខ្លួនចេញ​ជាបន្ទាន់។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី​ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី២២​ ខែឧសភា ឆ្នាំ២០១៨។

អ្នកនាំពាក្យ​ទីភ្នាក់ងារគ្រប់គ្រង​គ្រោះមហន្តរាយជាតិ​ឥណ្ឌូណេស៊ី លោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) បានឲ្យ​ដឹងថា ​​​កម្រិត​ប្រកាស​អាសន្ន​ត្រូវបានដំឡើង​​មួយកម្រិតថែមទៀត​ពីទាបបំផុត ទៅក្បែរខ្ពស់​បំផុតសម្រាប់​ភ្នំ​ភ្លើង​ខាងលើ ដែលស្ថិតនៅលើ​កោះជ្វា ​នៃប្រទេសអាស៊ាន​​មួយ​នេះ។

គួរជម្រាបថា ភ្នំភ្លើងខាងលើ​បានបញ្ចេញ​សកម្ម ០៤លើកហើយ គិតចាប់តាំងពី​ថ្ងៃចន្ទម្សិលមិញ​មក ហើយ​​មនុស្ស​ប្រហែល ៦៦០នាក់​ ត្រូវ​បាន​ជម្លៀសខ្លួន​ទៅកាន់ទី​សុវត្ថិភាព។ ភ្នំភ្លើង Merapi ស្ថិតនៅចម្ងាយ ២៨គីឡូម៉ែត្រ ភាគខាងជើងទីក្រុង យ៉ូកយ៉ាការតា (Yogyakarta) ដែលមានចំនួន​​​ប្រជា​ជនរស់​នៅ ២.៤លាននាក់ ហើយ​មនុស្សរាប់ពាននាក់​ទៀត​ មានទីលំនៅ​ជុំវិញភ្នំ​ភ្លើង​នេះ៕