(វ៉ាស៊ីនតោន)៖ បន្ទាប់ពីល្អូកល្អឺននឹងគ្នាបានមួយរយៈខ្លី ឥឡូវនេះគឺដល់ពេលត្រូវព្រមានដាក់គ្នាវិញម្ដង។ ជាក់ស្ដែងអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ផែន (Mike Pence) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចេញមុខជំនួសឲ្យលោក ដូណាល់ ត្រាំ ធ្វើការព្រមានចំៗលើមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កុំឱ្យលេងសើចជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។
លោក Mike Pence ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Fox News។ នាឱកាសនោះ លោកអនុប្រធានាធិបតីអាមេរិក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាគ្មានបញ្ហាអ្វីនោះទេបើលោក ដូណាល់ ត្រាំ មានបំណងដើរចេញពីកិច្ចពិភាក្សា ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសសិង្ហបុរី... ហើយខ្ញុំមិនគិតឡើយថា លោកប្រធានាធិបតី ត្រាំ កំពុងគិតពីទំនាក់ទំនងសាធារណៈ តែគាត់កំពុងគិតពីសន្តិភាព... ដូច្នេះវានឹងក្លាយជាកំហុសមួយដ៏ធំសម្រាប់លោក គីម ជុងអ៊ុន ដែលគិតថា គាត់អាចលេងជាមួយលោកប្រធានាធិបតី ត្រាំ»។
គួររំលឹកថា កូរ៉េខាងជើងកាលពីសប្ដាហ៍មុន បានព្រមានលុបចោលជំនួបកំពូលរវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ដែលគ្រោងនឹងធ្វើឡើងក្នុងប្រទេសសិង្ហបុរី នៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ។ ការព្រមាននេះ កើតមានឡើងក្រោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនៅតែបន្តធ្វើសមយុទ្ធយោធា ហើយលើសពីនេះទៅទៀត ការប្រៀបធៀបគំរូលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលីប៊ីអាចប្រើជាថ្មីនៅកូរ៉េខាងជើង របស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) កាន់តែធ្វើឱ្យទីក្រុងព្យុងយ៉ាងខឹងសម្បារ៕