(បាងកក)៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃ បានប្រមូលផ្តុំគ្នានៅទីក្រុងបាងកកនាថ្ងៃអង្គារនេះ ដើម្បីរៀបចំដង្ហែរក្បួនចេញពីសាកលវិទ្យាល័យមួយកន្លែង ឆ្ពោះទៅកាន់វិមានរដ្ឋាភិបាលថៃ ក្នុងគោលបំណងទាមទារឲ្យរដ្ឋាភិបាលយោធារបស់លោក ប្រាយុទ្ធ ចាន់អូចា រៀបចំការបោះឆ្នោតសកល មិនឲ្យលើសពីខែវិច្ឆិកាចុងឆ្នាំនេះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។
ប៉ូលិសថៃបានប្រកាសថា វិមានរាជរដ្ឋាភិបាលថៃ និងដងវិថីនៅជុំវិញនោះ គឺជាតំបន់ហាមឃាត់សម្រាប់គម្រោងដង្ហែរក្បួន របស់ក្រុមបាតុករខាងលើ ដែលប្រុងធ្វើឡើងចំគម្រប់ខួប ០៤ឆ្នាំ នៃការធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចេញពីអំណាច។ អាជ្ញាធរថៃក៏បានព្រមានដល់ក្រុមអ្នកតវ៉ាផងដែរថា កុំឲ្យបំពានលើបំរាមរបស់រដ្ឋាភិបាលយោធា ស្តីពីការប្រមូលផ្តុំគ្នាតាមទីសាធារណៈឲ្យសោះ បើមិនដូច្នោះទេអាជ្ញាធរនឹងធ្វើការបង្រ្កាបជាក់ជាពុំខាន។
នាព្រឹកថ្ងៃអង្គារនេះ កម្លាំងសមត្ថកិច្ចថៃបានដាក់រនាំងហាមឃាត់នៅតាមដងផ្លូវមួយចំនួន ក្បែរសាកលវិទ្យាល័យ ធម្មាសាត (Thammasat) និងធ្វើការត្រួតពិនិត្យផ្នែកសន្តិសុខ ដែលជាហេតុបណ្តាលឲ្យក្រុមអ្នកបាតុករត្អួញត្អែរថា ពួកគេកំពុងត្រូវបានហាមឃាត់មិនឲ្យធ្វើការប្រមូលផ្តុំគ្នា។ បើតាមប៉ូលិសថៃក្រុមអ្នកតវ៉ាជាង ១០០នាក់ បានទៅជួបជុំគ្នានៅក្នុងសាកលវិទ្យាល័យ គិតត្រឹមព្រលឹមថ្ងៃអង្គារនេះ ហើយមានអ្នកទៅដល់ទីនោះជាបន្តបន្ទាប់ទៀត។
គួរជម្រាបថា ទាក់ទងនឹងការបោះឆ្នោត ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេសថៃ រដ្ឋាភិបាលយោធារបស់ លោក ប្រាយុទ្ធ ចាន់អូចារ បានធ្វើការពន្យាពេលជាច្រើនលើកច្រើនសា ដែលពីដំបូងឡើយនោះគ្រោងនឹងប្រព្រឹត្តទៅតាំងតែពីឆ្នាំ២០១៥ មកម្ល៉េះ ហើយកាលបរិច្ឆេទកំណត់ចុងក្រោយគេបំផុតនោះ គឺនៅខែកុម្ភៈ ឆ្នាំ២០១៩។ ទោះជាបែបនេះក្តី មនុស្សភាគច្រើនមានការភ័យព្រួយថា វានឹងអាចលើកទៅពេលក្រោយជាថ្មីម្តងទៀត៕