រលកកម្តៅមរណៈ «ផ្តាច់យកជីវិតប្រជាជនប៉ាគីស្ថាន៦៥នាក់» ក្នុងពេលតែបីថ្ងៃ!
22-05-2018 09:36
(អ៊ីស្លាម៉ាបាដ)៖ ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថាន នៅថ្ងៃអង្គារនេះបានរាយការណ៍ថា រលកកំដៅបានផ្ដាច់យកអាយុជីវិតមនុស្ស ៦៥នាក់ នៅក្នុងទីក្រុងការ៉ាជី (Karachi) ស្ថិតនៅភាគខាងត្បូងនៃប្រទេស អស់រយៈពេលជាងបីថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ រលកកំដៅនេះកើតមានស្របពេលដាច់ចរន្ដអគិ្គសនី និងខែ Ramadan ដែលជាខែដ៏ពិសិដ្ឋ របស់អ្នកកាន់សាសនាអ៊ីស្លាមដែលត្រូវតមមិនហូប និងមិនផឹកនៅពេលថ្ងៃ។ សីតុណ្ហភាពបានកើនដល់ ៤៤អង់ស្សាសេ កាលពីថ្ងៃចន្ទម្សិលមិញ ហើយវាអាចនឹងបន្តកើនឡើងខ្ពស់ជាង ៤០អង្សាសេ រហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
ប៉ុន្តែអ្វីដែលគេព្រួយបារម្ភនោះគឺ ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង ខណៈសីតុណ្ហភាពនៅតែបន្តរក្សាកំដៅខ្ពស់ដដែល៕