(រីយ៉ាដ)៖ យន្តហោះមួយគ្រឿងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានជើងហោះហើរ SV3818 ដែលធ្វើដំណើរចេញពីទីក្រុង មេឌីណា (Medina) សំដៅទៅទីក្រុងដាកា នៃប្រទេសបង់ក្លាដែសនោះ បានធ្វើការចុះចតយ៉ាងទាន់ហន់នៅព្រលានយន្តហោះ ទីក្រុង ចេដដាហ៍ (Jeddah) បន្ទាប់ពីមានបញ្ហាផ្នែកបច្ចេកទេសហើយច្រមុះរបស់វា បានអូសនឹងផ្លូវព្រលាន នាំឲ្យខូចខាតយ៉ាងដំណំ តែសំណាងល្អដែលវាមិនបង្កឲ្យមានរងគ្រោះដល់អ្នកនៅលើយន្តហោះ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។
យន្តហោះខាងលើនេះជាប្រភេទ Airbus A330-200 បានចុះចតនៅអាកាសយានដ្ឋាន Jeddah របស់ស្តេចអាប់ឌុលឡាហ្ស៊ីស ដោយផ្នែកខាងមុខវាបានទទួលរងការខ្ទេចខ្ទាំយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០៖០០នាទីយប់ (ម៉ោងសកល) ត្រូវហ្នឹងពេលទៀបភ្លឺថ្ងៃអង្គារនេះ ម៉ោងនៅអាស៊ីខាងកើត)។ បច្ចុប្បន្នកត្តាបញ្ហាទាំងឡាយកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត៕