(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោនហើយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដើម្បីចូលរួមកិច្ចប្រជុំទ្វេភាគីជាសមភាគីអាមេរិក លោក ដូណាល់ ត្រាំ ដែលកិច្ចពិភាក្សានេះនឹងផ្ដោតសំខាន់លើការរៀបចំជំនួបកំពូល អាមេរិក-កូរ៉េខាងជើង នៅខែមិថុនា ខាងមុខនេះ។ នេះបើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មាន មន្រ្តីវិមានប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់ បានឱ្យដឹងថា កិច្ចប្រជុំកំពូលរវាងលោក មូន និងលោក ត្រាំ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃអង្គារនេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ដោយចាប់ផ្ដើមជំនួបមួយទល់នឹងមួយរយៈពេលកន្លះម៉ោង។ មន្ត្រីរូបនេះដដែលបានបញ្ជាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះយ៉ាងដូច្នេះថា «ជាការពិតណាស់ ជំនួបរវាងមេដឹកនាំទាំងពីរនឹងមិនមានអ្នកផ្សេង ចូលរួមឡើយ ដែលនេះនឹងផ្ដល់ឱ្យពួកគាត់ចែករំលែកយោបល់យ៉ាងស៊ីជម្រៅ»។
សូមជម្រាបថា បើតាមការគ្រោងទុកជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះក្នុងប្រទេសសិង្ហបុរី។ ប៉ុន្តែកាលពីសប្ដាហ៍មុន ដោយខឹងសម្បារនឹងសមយុទ្ធយោធារវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន កូរ៉េខាងជើងបានលុបចោលជំនួបមួយជាមួយកូរ៉េខាងត្បូង ហើយក៏បានព្រមានលុបចោលជំនួបជាមួយលោក ដូណាល់ ត្រាំ ផងដែរ៕