(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ដែលទើបតែឡើងកាន់តំណែងមិនបានប៉ុន្មានផងនោះ បានចេញមុខគម្រាមចំពោះប្រទេសអ៊ីរ៉ង់ថា អាមេរិកនឹងដាក់ទណ្ឌកម្មឲ្យកាន់ធ្ងន់ធ្ងរលើប្រទេសអ៊ីរ៉ង់ ប្រសិនបើប្រទេសអ៊ីស្លាមមួយនេះ មិនព្រមផ្លាស់ប្តូរអ្វីដែលខ្លួនកំពុងប្រព្រឹត្តទេនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា លោក ប៉ុមប៉េអូ បានលើកឡើងពីចេតនារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរដោយចង់ឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលជាសមិទ្ធិផលរបស់អតីតរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា នោះក្លាយទៅសន្ធិសញ្ញាវិញ ដោយតម្រូវឲ្យសភាអាមេរិក ធ្វើការពិនិត្យ និងអនុម័តទើបអាចយកជាការបាន។ ក្នុងន័យនេះរដ្ឋបាលអាមេរិក របស់លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងហើយថា ខ្លួននឹងសើរើរាល់កិច្ចព្រមព្រៀងទាំងអស់ជាមួយបរទេស ដែលបាននាំឲ្យខាតបង់ប្រយោជន៍អាមេរិក។
ក្រៅពីការអះអាងខាងលើនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានទាមទារឲ្យអ៊ីរ៉ង់ដោះលែងជនជាតិអាមេរិកទាំងអស់,ឈប់គាំទ្រពួកឧទ្ទាមហួទីនៅយ៉េមែន, ដកទ័ពចេញពីទឹកដីស៊ីរីទាំងអស់ និងឈប់គំរាមកំហែងប្រទេសអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តកាត់ទឹកមិនដាច់របស់សហរដ្ឋអាមេរិក៕