(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ភ្នំភ្លើងគីឡូអៀ (Kilauea) នៃរដ្ឋហាវ៉ៃ បានបង្កើតហានិភ័យក្នុងទម្រង់ថ្មីមួយទៀតសម្រាប់ប្រជាជនអាមេរិក ដែលរស់នៅលើដែនដីកោះដ៏ធំនេះ ខណៈដែលកម្អែរភ្នំភ្លើង ដែលបានហូរចូលទៅដល់មហាសមុទ្រប៉ាស៊ីហ្វិកហើយនោះ អាចបង្កជាដុំពពក ភាគល្អិត ក៏ដូចជាចំហាយទឹក ដែលមានសារធាតុពុល៕
២៖ ក្រុមមន្ត្រីសុខាភិបាលឥណ្ឌាក្នុងរដ្ឋ ឃែរ៉ាឡា (Kerala) ស្ថិតនៅភាគខាងត្បូងនៃប្រទេសបានឱ្យដឹងថា មនុស្ស ០៩នាក់ បានស្លាប់ដោយ សង្ស័យថា មានជាប់ពាក់ព័ន្ធនឹងវីរុសដ៏សាហាវមួយឈ្មោះនីផាហ៍ (Nipah)៕
៣៖អ្នកដណើរត្រូវបានជម្លៀសចេញពីយន្តហោះធុន Boeing 767 មួយគ្រឿងរបស់អាកាសចរណ៍ All Nippon Airways (ANA) នាព្រឹកថ្ងៃចន្ទនេះ នៅមុនការចាប់ផ្តើមហោះធ្វើដំណើររបស់វា ចេញពីព្រលានយន្តហោះ ណារីតា (Narita) នៃខេត្ត ជីបា (Chiba) ប្រទេសជប៉ុន ឆ្ពោះទៅកាន់ទីក្រុងហុងកុងប្រទេសចិនក្រោយពីកើតមានផ្សែង នៅពាសពេញជាន់កន្លែងអ្នកដំណើរអង្គុយ៕
៤៖ មកទល់ពេលនេះសាកសពចំនួន ២០នាក់ហើយ ក្នុងចំណោមជនរងគ្រោះសរុបទាំង ១១០នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះដ៏រន្ធត់ នៅឯប្រទេសគុយបាកាលពីថ្ងៃសុក្រកន្លងទៅ ត្រូវបានកំណត់អត្តសញ្ញាណ និងប្រគល់ទៅឲ្យក្រុមគ្រួសាររបស់ពួកគេ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
៥៖ ប្រទេសចិននាថ្ងៃចន្ទនេះបានចាប់ផ្តើមបាញ់បង្ហោះ ផ្កាយរណបបញ្ជូនសញ្ញាមួយគ្រឿង ដើម្បីរៀបចំបង្កើតប្រព័ន្ធទំនាក់ទំនងរវាងផែនដី និងយានអវកាស ឆាងអឺ ៤ (Chang'e-4) ដែលត្រូវបានគេគ្រោងនឹងបញ្ជូនទៅកាន់ឋានព្រះច័ន្ទ ដើម្បីធ្វើការសិក្សាស្រាវជ្រាវតំបន់ចំហៀងម្ខាងទៀតរបស់ព្រះច័ន្ទ ដែលមិនបែរមករកភពរបស់យើងឡើយ៕
៦៖ ក្រសួងការបរទេសហ្វីលីពីននៅថ្ងៃចន្ទនេះបានឱ្យដឹងថា ទីក្រុងម៉ានីល កំពុងចាត់វិធានការសកម្មភាពតាមផ្លូវទូត ដើម្បីការពារការអះអាងរបស់ខ្លួនលើសមុទ្រចិនខាងត្បូង បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែកចិនបានចុះចតនៅឯកោះ និងតំបន់ថ្មប៉ប្រះ ទឹកនៅក្នុងតំបន់ជម្លោះ៕