(ប៉េកាំង)៖ នាពេលថ្មីៗនេះគ្រោះថ្នាក់ធ្លាក់យន្តហោះនៅឯប្រទេសគុយបា បានផ្តាច់ជីវិតមនុស្សចំនួន ១១០នាក់ នៅក្បែរព្រលានយន្តហោះអន្តជាតិ Jose Marti នៃទីក្រុងឡាហាវ៉ាន់។ គ្រោះថ្នាក់ផ្លូវអាកាសដ៏អាក្រក់បំផុតនៅគុយបា កាលពីថ្ងៃសុក្រកន្លងទៅនេះ បានបន្សល់ទុកតែមនុស្ស ០៣នាក់ប៉ុណ្ណោះនៅរស់រានមានជីវិត ក្នុងចំណោមមនុស្សសរុបចំនួន ១១៣នាក់ ទាំងស្ថិតក្រោមស្ថានភាពធ្ងន់ធ្ងរ។ ខាងក្រោមនេះ គឺករណីគ្រោះថ្នាក់ធ្លាក់យន្តហោះធំៗនៅជុំវិញពិភពលោក ក្នុងរយៈពេលប្រមាណ ០១ទសវត្សរ៍កន្លងទៅនេះ ដែលមានចំនួនមនុស្សស្លាប់លើសពី ១០០នាក់៖
១៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ មនុស្សសរុប ២៥៧នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធាមួយគ្រឿង នៅអាល់ហ្សេរី។
២៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ យន្តហោះដឹកអ្នកដំណើរ Airbus A321 បានធ្លាក់នៅឧបទ្វីប Sinai តាមផ្លូវចេញពីទីក្រុង Sharm al-Sheikh ប្រទេសអេហ្ស៊ីប ឆ្ពោះទៅកាន់ទីក្រុង Saint Peterburg ប្រទេសរុស្ស៊ីផ្តាច់ជីវិតមនុស្ស ២២៤នាក់។
៣៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ យន្តហោះយោធាដឹកទំនិញមួយគ្រឿង បានធ្លាក់ទៅទីក្រុង Medan នៃខេត្តស៊ូម៉ាត្រាភាគខាងជើង របស់ប្រទេសឥណ្ឌូណេស៊ី ផ្តាច់ជីវិតមនុស្សជាង ១០០នាក់ រួមមានដែលជិះនៅលើនោះ និងអ្នកដែលនៅផ្ទាល់ដី។
៤៖ នៅថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៥ យន្តហោះ Airbus 320 របស់អាកាសចរណ៍អាល្លឺម៉ង់ Germanwing ដែលដឹកមនុស្ស ១៥០នាក់ បានធ្លាក់នៅភាគខាងត្បូងប្រទេសបារាំង ស្របពេលកំពុងធ្វើដំណើរពីទីក្រុងបាសេឡូណា ប្រទេសអេស៉្បាញ ឆ្បោះទៅកាន់ទីក្រុង Duesseldorf នៃប្រទេសអាល្លឺម៉ង់។ ពុំមាននរណាម្នាក់នៅមានជីវិតនោះឡើយ។
៥៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ យន្តហោះ Airbus A320-200 របស់អាកាសចរណ៍ AirAsia ដឹកមនុស្ស ១៦២នាក់ បានបាត់ស្រមោលចេញពីប្រព័ន្ធរ៉ាដា នៅតាមផ្លូវចេញពីទីក្រុង Surabaya ឥណ្ឌូណេស៊ី ទៅកាន់ប្រទេសសិង្ហបុរី។ សាកសពរបស់ជនរងគ្រោះទាំងអស់ និងប្រអប់ខ្មៅរបស់យន្តហោះ ត្រូវបានរកឃើញនៅរយៈពេលមួយសប្តាហ៍ក្រោយ នៅលើសមុទ្រជ្វា។
៦៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ យន្តហោះមួយរបស់អាកាសចរណ៍ Air Algerie ផ្ទុកមនុស្ស ១១៦នាក់ បានធ្លាក់នៅប្រទេសម៉ាលី ដែលនៅក្បែរនោះ ផ្តាច់ជីវិតអ្នកដំណើរទាំង ១១០នាក់ ព្រមទាំងសហសេវិកជាជនជាតិអេស៉្បាញទាំង ០៦នាក់ នៅលើនោះ។
៧៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ជើងហោះហើររបស់អាកាសចរណ៍ម៉ាឡេស៊ី MH17 ដែលជាប្រភេទយន្តហោះ MH17 មានគោលដៅធ្វើដំណើរពីទីក្រុង Amsterdam ប្រទេសហូឡង់ឆ្ពោះទៅកាន់ទីក្រុងគូឡាឡាំពួ បានធ្លាក់នៅភាគខាងកើតប្រទេសអ៊ុយក្រែន ផ្តាច់ជីវិតមនុស្សទាំង ២៩៨នាក់នៅលើនោះ។
៨៖ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជើងហោះហើររបស់អាកាសចរណ៍ម៉ាឡេស៊ី MH370 បានបាត់ស្រមោលសូន្យឈឹង មកទល់ពេលនេះជាមួយមនុស្ស ២៣៩នាក់ ក្នុងពេលធ្វើដំណើរពីរដ្ឋធានីគូឡាឡាំពួ ឆ្ពោះទៅទីក្រុងប៉េកាំង។
៩៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ យន្តហោះរបស់អាកាសចរណ៍ Dana Air ដែលហោះចេញពីទីក្រុង Abuja ប្រទេសនីហ្សេរីយ៉ា បានធ្លាក់នៅតំបន់ប្រជុំជនមួយកន្លែង ក្នុងទីក្រុង Lagos ផ្តាច់ជីវិតមនុស្ស ១៥៣នាក់ នៅលើយន្តហោះ ព្រមទាំង ៤០នាក់ទៀត ដែលរស់នៅក្នុងអគារកម្ពស់ពីរជាន់មួយខ្នង ដែលត្រូវយន្តហោះធ្លាក់ហើយបុកចំ។
១០៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១០ ជើងហោះហើរ ED-202 របស់អាកាសចរណ៍ Airblue បានធ្លាក់នៅជួរភ្នំ Margalla នៅរដ្ឋធានីអ៊ីស្លាម៉ាបាដប្រទេសប៉ាគីស្ថាន ផ្តាច់ជីវិតមនុស្សទាំង ១៥២នាក់ នៅលើនោះ។
១១៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១០ មនុស្សយ៉ាងតិច ១៥៨នាក់ បានបាត់បង់ជីវិត នៅពេលយន្តហោះមួយគ្រឿងរបស់អាកាសចរណ៍ Air India Express ដែលចេញពីទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានជ្រុលធ្លាក់ចេញពីផ្លូវនៅពេលចុះចត ហើយច្រមុជបុកដី នៅក្បែរអាកាសយានដ្ឋាន Mangalore នៃរដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា។
១២៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១០ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាកាសចរណ៍លីប៊ី Afriqiyah បានធ្លាក់ក្នុងពេលចុះចតនៅឯព្រលានយន្តហោះ Tripoli ផ្តាច់ជីវិតមនុស្សចំនួន ១០៣ នៅលើនោះ លើកលែងតែកុមារាជនជាតិហូឡង់វ័យ ០៨ឆ្នាំ ដ៏សំណាងម្នាក់។
១៣៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៩ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ប្រទេសអ៊ីរ៉ង់ បានធ្លាក់នៅក្បែរទីក្រុង Gazvin ដែលស្ថិតនៅភាគពាយ័ព្យប្រទេស ផ្តាច់ជីវិតមនុស្សទាំង ១៦៨នាក់ នៅលើនោះ។
១៤៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៩ យន្តហោះធុន Airbus A310 បានធ្លាក់ទៅក្នុងមហាសមុទ្រឥណ្ឌា ខណៈដែលវាកំពុងឆ្ពោះទៅចុះចតនៅឯព្រលានយន្តហោះនៃប្រជុំកោះ Comoros ដោយផ្តាច់ជីវិតមនុស្សចំនួន ១៥២នាក់ នៅលើនោះ ប៉ុន្តែកុមារីវ័យ ១៣នាក់ម្នាក់ ដែលជាជនជាតិបារាំងបានរួចរស់ជីវិត។
១៥៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០៩ ជើងហោះហើរលេខ ៤៤៧ របស់អាកាសចរណ៍ Air France ដែលជាប្រភេទយន្តហោះ AirBus A330 បានធ្លាក់នៅលើមហាសមុទ្រអាត្លង់ទិច ក្រោយពីបានចាកចេញពីទីក្រុងរីយ៉ូ (Rio de Janeiro) ដើម្បីឆ្ពោះទៅកាន់ទីក្រុងប៉ារីស ហើយផ្តាច់ជីវិតមនុស្សទាំង ២២៨នាក់ នៅលើនោះ។
១៦៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០០៨ មនុស្សចំនួន ១៥៤នាក់ បានស្លាប់ និង១៨នាក់បានរងរបួស នៅពេលដែលយន្តហោះមានអាយុកាលប្រមាណ ១៥ឆ្នាំ មួយគ្រឿង បានធ្លាក់ហើយផ្ទុះឆេះ នៅអំឡុងពេលហោះឡើងពីព្រលានយន្តហោះ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស៉្បាញ៕
ប្រភព៖ ស៊ីនហួរ