រដ្ឋាភិបាលម៉ាឡេស៊ីថ្មី បង្កើតអង្គភាពពិសេសមួយ ដើម្បីស៊ើបអង្កេតរឿងពុករលួយរបស់ លោក ណាជីប រ៉ាហ្សាក់!
21-05-2018 16:09
(គូឡាឡាំពួរ)៖ រដ្ឋាភិបាលម៉ាឡេស៊ីនៅថ្ងៃចន្ទនេះ បានបង្កើតអង្គភាពពិសេសមួយ ដើម្បីទទួលបន្ទុកបើកការស៊ើបអង្កេតលើការចោទ ប្រកាន់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ នៃមូលនិធិរដ្ឋ1Malaysia Development Bhd (1MDB) ដែលបបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។
អង្គភាពពិសេសនេះ ក៏មានសិទ្ធិរឹបអូសទ្រព្យសម្បត្តិ ព្រមទាំងធ្វើការសម្របសម្រួល ក្នុងការស៊ើបអង្កេតតាមដានហិរញ្ញវត្ថុដែល ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងមូលនិធិ 1MDB និងក្រៅប្រទេសផងដែរ ឱ្យតែមានទាក់ទិននឹងមូលនិធិនេះ។ «រដ្ឋាភិបាលម៉ាឡេស៊ី សង្ឃឹមថា អង្គភាពពិសេសដែលមានការចូលពីទីភ្នាក់ងារជាច្រើន នឹងអាចជួសជុលឡើងវិញនូវកិត្តិយសប្រជាជាតិ ដែលត្រូវបានបំផ្លាញ ក៏ដូចជាយកប្រាក់ និងទ្រព្យសម្បត្តិនៃមូលនិធិ 1MDB ត្រឡប់មកដាក់ជាសម្បត្តិរដ្ឋវិញ»។ នេះបើតាមសេចក្ដីថ្លែងការណ៍ របស់រដ្ឋាភិបាលម៉ាឡេស៊ី៕