(អាមេរិក)៖ ភ្នំភ្លើងគីឡូអៀ (Kilauea) នៃរដ្ឋហាវ៉ៃ បានបង្កើតហានិភ័យក្នុងទម្រង់ថ្មីមួយទៀតសម្រាប់ប្រជាជនអាមេរិក ដែលរស់នៅលើដែនដីកោះដ៏ធំនេះ ខណៈដែលកម្អែរភ្នំភ្លើង ដែលបានហូរចូលទៅដល់មហាសមុទ្រប៉ាស៊ីហ្វិកហើយនោះ អាចបង្កជាដុំពពក ភាគល្អិត ក៏ដូចជាចំហាយទឹក ដែលមានសារធាតុពុល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។
អាជ្ញាធរកោះហាវ៉ៃ បានណែនាំឲ្យសាធារណៈមានការប្រុងប្រយ័ត្នខ្ពស់ អំពីផ្សែងក៏ដូចជាអ័ព្ទពុល ដែលកើតឡើងពីការហូរចូលនៃកម្អែរភ្នំភ្នើងទៅក្នុងមហាសមុទ្រ។ បណ្តុំផ្សែងនេះ បានគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណ ២៤គីឡូម៉ែត្រ ជុំវិញកន្លែងដែលកម្អែរភ្លើង បានជួបនឹងទឹកសមុទ្រ។
គួរជម្រាបថា ភ្នំភ្លើង Kilauea បានចាប់ផ្តើមផ្ទុះឡើងជាលើកដំបូង កាលពីជាង ០២សប្តាហ៍មុន និងបានបំផ្លិចបំផ្លាញលំនៅឋានរាប់សិបខ្នង ដែលឈានដល់ការជម្លៀសខ្លួនមនុស្សរាប់ពាន់នាក់៕