(ឥណ្ឌា)៖ ក្រុមមន្ត្រីសុខាភិបាលឥណ្ឌាក្នុងរដ្ឋ ឃែរ៉ាឡា (Kerala) ស្ថិតនៅភាគខាងត្បូងនៃប្រទេសបានឱ្យដឹងថា មនុស្ស ០៩នាក់ បានស្លាប់ដោយ សង្ស័យថា មានជាប់ពាក់ព័ន្ធនឹងវីរុសដ៏សាហាវមួយឈ្មោះនីផាហ៍ (Nipah)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។
យោងតាមក្រុមន្ត្រីសុខាភិបាលឥណ្ឌា ជនរងគ្រោះ ០៣នាក់ ត្រូវបានគេធ្វើតេស្ដរកឃើញថា បានឆ្លងវីរុស Nipah។ ចំណែកឯ ការធ្វើតេស្ដលើមនុស្ស ០៦នាក់ ផ្សេងទៀតនឹងត្រូវបង្ហាញនៅថ្ងៃចន្ទនេះ ខណៈមនុស្ស ២៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ Nipah គឺជាវីរុសដែលចម្លងពីសត្វមកមនុស្ស ហើយមកទល់ពេលនេះ គេមិនទាន់រកឃើញវ៉ាក់សាំងបង្ក ឬព្យាបាលវីរុសដែលមានអត្រាមរណៈប្រមាណ ៧០ភាគរយ នេះនៅឡើយទេ។ បន្ថែមពីលើនេះ Nipah ក៏ជាវីរុសមួយដែលស្ថិតនៅក្នុងចំណោមបញ្ជីឈ្មោះទាំង ១០ នៃជំងឺ កាចសាហាវដែលអាចនឹងផ្ទុះឡើងគួរឱ្យព្រួយបារម្ភ សម្រាប់អង្គការសុខភាពពិភពលោក (WHO) ផងដែរ។
គួរបញ្ជាក់ថា វីរុស Nipah ត្រូវបានគេកំណត់រកឃើញនៅឆ្នាំ១៩៩៩ នៅអំឡុងពេលដែលវាផ្ទុះឡើងខ្លំាង នៃជំងឺរលាកខួរក្បាល និងផ្លូវដង្ហើមក្នុងចំណោមកសិករចិញ្ចឹមជ្រូក និងក្រុមមនុស្សដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយសត្វជ្រូកនៅក្នុងប្រទេស ម៉ាឡេស៊ី និងសិង្ហបុរី។ នៅកាលណោះមនុស្សជិត ៣០០នាក់ បានឆ្លងវីរុសនេះ ហើយ ១០០នាក់ ត្រូវបានគេរាយការណ៍បានស្លាប់៕