(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានស្នើឱ្យបំពាក់អាវុធដល់គ្រូបង្រៀន ដើម្បីទប់ស្កាត់ករណីបាញ់ប្រហារនៅតាមសាលា រៀននានាក្នុងសហរដ្ឋអាមេរិក ហើយដែលសំណើនេះ គឺដូចគ្នាទៅនឹងអ្វីដែល លោក ដូណាល់ ត្រាំ បានលើកឡើងកាលពីដើមឆ្នាំ ២០១៨។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។
ការកត់សម្គាល់ខាងលើរបស់ លោក ដេន ផាទ្រីក (Dan Patrick) អភិបាលរងរដ្ឋ តិចសាស់ (Texas) ធ្វើឡើងបន្ទាប់ពីមានករណីបាញ់ប្រហារសម្លាប់មនុស្ស១០នាក់ ក្នុងនោះមាន ០៨នាក់ ជាសិស្សសាលាកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅឯវិទ្យាល័យ សាន់តាហ្វេ (Santa Fe)។ លោក Patrick បានបញ្ជាក់ថា ការបំពាក់អាវុធដល់គ្រូបង្រៀន អាចជួយទប់ស្កាត់ករណីបាញ់ប្រហារនៅតាមសាលារៀន ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមមន្ត្រីរដ្ឋ Texas ក៏យល់ឃើញដែរថា សាលារៀននានានៅក្នុងសហរដ្ឋអាមេរិក មានច្រកចូល និងច្រកចេញច្រើនពេកហើយ ដែលវាគួរតែត្រូវពិចារណារចនាឡើងវិញ។
គួររំលឹកថា បន្ទាប់ពីមានការបាញ់ប្រហារក្នុងរដ្ឋ Florida កាលពីថ្ងៃទី១៤ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្លាប់បានអះអាងដូចគ្នាថា ការផ្ដល់កាំភ្លើងឱ្យគ្រូបង្រៀន អាចជួយបង្កករណីបាញ់ប្រហារនៅតាមសាលារៀន។ ប៉ុន្តែការលើកឡើងនេះ បានបង្កជាភាពចម្រូសចម្រាសដោយក្រុមអ្នកប្រឆាំងការប្រើប្រាស់កាំភ្លើងគិតថា វាមិនមែនជាមធ្យោបាយហើយថា ច្បាប់ប្រើប្រាស់ កំាភ្លើងគួរតែត្រូវរឹតបន្តឹង៕