(តូក្យូ)៖ អ្នកដណើរត្រូវបានជម្លៀសចេញពីយន្តហោះធុន Boeing 767 មួយគ្រឿងរបស់អាកាសចរណ៍ All Nippon Airways (ANA) នាព្រឹកថ្ងៃចន្ទនេះ នៅមុនការចាប់ផ្តើមហោះធ្វើដំណើររបស់វា ចេញពីព្រលានយន្តហោះ ណារីតា (Narita) នៃខេត្ត ជីបា (Chiba) ប្រទេសជប៉ុន ឆ្ពោះទៅកាន់ទីក្រុងហុងកុងប្រទេសចិនក្រោយពីកើតមានផ្សែង នៅពាសពេញជាន់កន្លែងអ្នកដំណើរអង្គុយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។
ក្រោយពីទ្វារយន្តហោះបានបិទជិតរួចទៅហើយ អ្នកដំណើរចំនួន ១៣៧នាក់ ដែលបានឡើងជិះលើជើងហោះហើរលេខ ៨០៩ មានគោលដៅឆ្ពោះទៅកាន់ទីក្រុងហុងកុង ត្រូវបានជម្លៀសខ្លួនត្រឡប់ទៅកន្លែងរង់ចាំ ក្នុងព្រលានយន្តហោះវិញ។ បើតាមអាជ្ញាធរជប៉ុន មនុស្សយ៉ាងតិច ០៤នាក់ ក្នុងចំណោមអ្នកដំណើរដែលត្រូវបានជម្លៀសខ្លួន បានឲ្យដឹងថា ពួកគេមានអារម្មណ៍មិនសូវស្រួល ក្រោយពីឈ្លក់ផ្សែង ប៉ុន្តែពុំមានករណីធ្ងន់ធ្ងរដល់ថ្នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យឡើយ។
គួរជម្រាបថា យោងតាមការស៊ើបអង្កេតជាបឋមរបស់អាជ្ញាធរជប៉ុន ពួកគេបានរកឃើញមានបញ្ហាហៀរប្រេងនៅលើម៉ាស៊ីន នៅផ្នែកខាងក្រោយរបស់យន្តហោះ ហើយមានផ្សែងរសាត់នៅពេញកន្លែងអ្នកដំណើរអង្គុយ ប៉ុន្តែពុំមានសញ្ញាបង្ហាញពីការឆេះអ្វីមួយឡើយ។ ជាមួយគ្នានេះ អ្នកតំណាងរបស់ ANA បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតប្រចាំប្រទេសជប៉ុនមួយនេះ ក៏កំពុងស៊ើបអង្កេតរកមូលហេតុ នៅពីក្រោយហេតុការណ៍នេះផងដែរ៕