(អាហ្សង់ទីន)៖ សហរដ្ឋអាមេរិកនឹងមិនទទួលស្គាល់ លទ្ធផលបោះឆ្នោតប្រធានាធិបតីវេណេស៊ុយអេឡា កាលពីថ្ងៃអាទិត្យឡើយ ខណៈលទ្ធផលបង្ហាញថា អ្នកនយោបាយប្រឆាំងអាមេរិក លោក នីកូឡាស់ ម៉ាឌូរ៉ូ ជាអ្នកទទួលបានជ័យជម្នះ។ នេះបើតាមសម្តីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ស៊ុលលីវ៉ាន (John Sullivan) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Sullivan បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងពិចារណាយ៉ាងសកម្ម ចំពោះការដាក់ទណ្ឌកម្មលើវិស័យប្រេងរបស់វេណេស៊ុយអេឡា ហើយថា ការចាត់វិធានការឆ្លើយតបនឹងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ នឹងត្រូវលើក យកទៅពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល G20 នៅឯទីក្រុង ប៊ុយណូសអ៊ែរែស (Buenos Aires ប្រទេសអាហ្សង់ទីន នៅថ្ងៃចន្ទសប្តាហ៍នេះ។ «យើងចាំបាច់ត្រូវប្រាកដថា យើងបានប្រកាន់ខ្ជាប់នូវគោលបំណងរបស់យើង ដែលមានគោលដៅលើមន្ត្រីនៃរបបពុករលួយ មិនមែនជាប្រជាជន វេណេស៊ុយអេឡានោះទេ។ យើងមិនចង់បំផ្លាញប្រទេសមួយនេះ តាមវិធីសាស្ត្រដែលបង្កការលំបាក ក្នុងការជួសជុលបន្ទាប់ពីប្រជាធិបតេយ្យត្រូវស្ដារឡើងវិញនោះឡើយ»។ នេះបើតាមលោក Sullivan។
គួរជម្រាបថា បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (CNE) ប្រធានាធិបតីវេណេស៊ុយអេឡាបច្ចុប្បន្ន លោក នីកូឡាស់ ម៉ាឌូរ៉ូ បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យ ដើម្បីបន្តដឹកនាំប្រទេស ០៦ឆ្នាំ ទៅមុខទៀត បើទោះជាចំនួនអ្នកចូលរួមបោះឆ្នោតមានតែ ៤៦.១ភាគរយក៏ដោយ។ លោក ម៉ាឌូរ៉ូ បានទទួលសន្លឹកឆ្នោត ៥.៨លាសំឡេងទល់នឹង ១.៨ លានសំឡេង នៃគូប្រជែងរបស់លោក គឺលោក ហិនរី ហ្វាល់ខុន (Henri Falcon)។ ប៉ុន្តែក្រសួងការបរទេសអាមេរិកបានចាត់ទុកថា ការបោះឆ្នោតនេះ ធ្វើឡើងដោយខុសច្បាប់៕