(វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិកបានទទួលសំណើជាផ្លូវការហើយ ដើម្បីធ្វើការត្រួតពិនិត្យឡើងពីលទ្ធភាព នៃការរំលោភបំពានលើនីតិវិធីស៊ើបអង្កេតរបស់ FBI ខណៈមានការអះអាងថា ស្ថាប័នមួយនេះបានរំលោភនីតិវិធីស៊ើបអង្កេត លើយុទ្ធនាការឃោសនាបោះឆ្នោត របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។
ព័ត៌មានខាងលើបានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានស្នើឱ្យក្រសួងយុត្តិធម៌អាមេរិក បើកការស៊ើបអង្កេតលើស្ថាប័ន FBI ដែលលោកចោទថា បានស៊ើបអង្កេតលើយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកក្នុងចេតនានយោបាយ ដែលទង្វើនេះគឺផ្ទុយនឹងច្បាប់។ បន្ថែមពីលើនេះ លោក ត្រាំ ក៏បានបញ្ជាក់នៅលើ Twitter ផ្ទាល់ខ្លួនរបស់លោកផងដែរថា សំណើរបស់លោក គឺមានគោលបំណងចង់បញ្ជាក់ឲ្យគ្រប់គ្នាបានដឹងថា តើមានសំណើណាមួយត្រូវបានធ្វើឡើងដោយក្រុមមន្ត្រីនៃអតីតរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា ដែរ ឬក៏យ៉ាងណា?
គួរបញ្ជាក់ថា បើតាមក្រសួងយុត្តិធម៌អាមេរិក ក្រុមអ្នកស៊ើបអង្កេតនឹងបើកការស៊ើបអង្កេតពីរបៀប ឬវិធីសាស្រ្ដដែល FBI បានប្រើប្រាស់នៅក្នុង ការស៊ើបអង្កេត ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីទំនាក់ទំនងរវាងលោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលរុស្ស៊ី នៅអំឡុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ដែលអតីតមេដឹកនាំយុទ្ធនាការរបស់លោក ត្រាំ ព្រមទាំងសមាជិកគ្រួសារប្រធានាធិបតីរូបនេះ ត្រូវបានគេចោទប្រកាន់រួចមកហើយ៕