(ហាឡាវ៉ាន់)៖ មកទល់ពេលនេះសាកសពចំនួន ២០នាក់ហើយ ក្នុងចំណោមជនរងគ្រោះសរុបទាំង ១១០នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះដ៏រន្ធត់ នៅឯប្រទេសគុយបាកាលពីថ្ងៃសុក្រកន្លងទៅ ត្រូវបានកំណត់អត្តសញ្ញាណ និងប្រគល់ទៅឲ្យក្រុមគ្រួសាររបស់ពួកគេ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរគុយបា ដកស្រង់សម្តីដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។
យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 ដែលក្រុមហ៊ុនអាកាសចរណ៍ជាតិគុយបា ដែលត្រូវបានជួលពីក្រុមហ៊ុនម៉ិចស៊ីកូ Global Air បានធ្លាក់និងផ្ទុះឆេះស្ទើរតែខ្ទេចខ្ទីទាំងស្រុង ក្រោយពីវាហោះចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ ចូស ម៉ារទី Jose Marti នៃរដ្ឋធានីឡាហាវ៉ាន់បានតែបន្តិចប៉ុណ្ណោះ កាលពីថ្ងៃសុក្រកន្លងទៅនេះ។
យន្តហោះខាងលើមានផ្ទុកមនុស្សសរុបចំនួន ១១៣នាក់ ក្នុងនោះមានសហសេវិកដែលសុទ្ធតែជាជនជាតិម៉ិចស៊ីកូចំនួន ០៦នាក់ និងបានជួបគ្រោះថ្នាក់ដ៏រន្ធត់នេះ នៅក្នុងជើងហោះហើរក្នុងស្រុកពីក្រុងឡាហាវ៉ាន់ ទៅកាន់ទីក្រុង ហូលហ្គីន (Holguin) ភាគខាងកើតប្រទេស។ អ្នកដំណើរនៅលើយន្តហោះភាគច្រើនគឺជាជនជាតិគុយបា ដោយក្នុងនោះមានស្រ្តីទាំង ០៣នាក់ បានរួចរស់ជីវិត ប៉ុន្តែពួកគេកំពុងបន្តស្ថិតក្រោមស្ថានភាពធ្ងន់ធ្ងរនៅឡើយ។
សម្រាប់អ្នកដំណើរជនបរទេសចំនួន ០៥នាក់ រួមមានជនជាតិអាហ្សង់ទីន ០២នាក់ ជនជាតិម៉ិចស៊ីកូម្នាក់ និងពីរនាក់ពុំទាន់ត្រូវបានបញ្ជាក់ជាតិសាសន៍ច្បាស់ ប៉ុន្តែពួកគេមានទីលំនៅក្នុងប្រទេសគុយបា។ សម្រាប់នីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះទាំង ១១០នាក់ អាចនឹងត្រូវចំណាយពេលរហូតដល់ ៣០ថ្ងៃ ឯណោះទើបចប់ជាស្ថាពរ ដោយសារតែស្ថានភាពអាក្រក់ នៃរូបរាងសាកសព។
គួរជម្រាបថា អាជ្ញាធរគុយបានៅតែមិនទាន់អាចដឹងច្បាស់ពីមូលហេតុ ដែលធ្វើឲ្យយន្តហោះធ្លាក់នៅឡើយទេ ប៉ុន្តែពួកគេបានរកឃើញប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅទាំងពីរ ដែលផ្ទុកនូវទិន្នន័យហោះហើរដ៏សំខាន់ ព្រមទាំងព័ត៌មានអំពីអ្វីដែលបានកើតឡើង ចំពោះយន្តហោះនេះ។ ហេតុការណ៍នេះ គឺជាហេតុការណ៍ធ្លាក់យន្តហោះដ៏អាក្រក់បំផុតនៅគុយបា គិតត្រឹមអំឡុងពេលប្រមាណជា ០៣ទសវត្សរ៍ កន្លងទៅនេះ ហើយការកាន់ទុក្ខរយៈពេល ០២ថ្ងៃ ក៏ត្រូវបានធ្វើឡើងផងដែរ ដោយចាប់ផ្តើមកាលពីថ្ងៃសៅរ៍៕