(ការ៉ាកាស់)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតវេណេស៊ុយអេឡា (CNE) បានប្រកាសថា ប្រធានាធិបតីវេណេស៊ុយអេឡាបច្ចុប្បន្ន លោក នីកូឡាស់ ម៉ាឌូរ៉ូ បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យ ដើម្បីបន្តដឹកនាំប្រទេសមួយអាណត្តិទៀត ដែលមានរយៈពេល ០៦ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។
យោងតាម CNE ចំនួនអ្នកចូលរួមបោះឆ្នោតមានតែ ៤៦.១ភាគរយប៉ុណ្ណោះ។ ប៉ុន្តែក្រុមអ្នកគាំទ្រលោក ម៉ាឌូរ៉ូ បានចេញមករាំច្រៀង អបអរសាទររូបលោក ដែលបានទទួលសន្លឹកឆ្នោត ៥.៨លានសំឡេង ទល់នឹង ១.៨លានសំឡេង នៃគូប្រជែងរបស់លោក គឺលោក ហិនរី ហ្វាលខុន (Henri Falcon)។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុន (ពេលវេលានៅអាមេរិកឡាទីន) ក្រសួងការបទេសអាមេរិកចាត់ទុកថា ការបោះឆ្នោតប្រធានាធិបតីវេណេស៊ុយអេឡា គឺត្រូវបានធ្វើឡើងដោយខុសច្បាប់ រីឯក្រុមអ្នកប្រឆាំងលោក ម៉ាឌូរ៉ូ ក៏បានចោទប្រកាន់ដូចគ្នានេះដែរ៕