(ប៉េកាំង)៖ ប្រទេសចិននាថ្ងៃចន្ទនេះបានចាប់ផ្តើមបាញ់បង្ហោះ ផ្កាយរណបបញ្ជូនសញ្ញាមួយគ្រឿង ដើម្បីរៀបចំបង្កើតប្រព័ន្ធទំនាក់ទំនងរវាងផែនដី និងយានអវកាស ឆាងអឺ ៤ (Chang'e-4) ដែលត្រូវបានគេគ្រោងនឹងបញ្ជូនទៅកាន់ឋានព្រះច័ន្ទ ដើម្បីធ្វើការសិក្សាស្រាវជ្រាវតំបន់ចំហៀងម្ខាងទៀតរបស់ព្រះច័ន្ទ ដែលមិនបែរមករកភពរបស់យើងឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។
បើតាមរដ្ឋបាលអវកាសជាតិចិន ហៅកាត់ថា CNSA ផ្កាយរណបខាងលើដែលមានឈ្មោះថា ក្វេកៅ (Queqiao) ត្រូវបានបញ្ជូនទៅកាន់ទីអវកាសតាមរយៈគ្រាប់រ៉ុក្កែត ឡុងម៉ាច (Long March-4C) ដែលបានហោះចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបនៃក្រុងស៊ីឆាង (Xichang) ភាគនិរតីប្រទេសចិន កាលពីវេលាម៉ោង ៥៖២៨នាទីព្រឹកថ្ងៃចន្ទនេះ។
អ្នកវិទ្យាសាស្រ្តចិនមានក្តីសង្ឃឹមថា ផ្កាយរណបនេះ Queqiao នឹងបង្កើតជាស្ពានទំនាក់ទំនងមួយ រវាងស្ថានីយគ្រប់គ្រងប្រតិបត្តិការនៅផែនដី និងតំបន់ Far Side of Moon (ផ្នែករបស់ព្រះច័ន្ទដែលយើងមើលពីផែនដីទៅមិនឃើញឡើយ) ជាទីដែលយាន Chang'e-4 ត្រូវគេរំពឹងថានឹងចុះទៅដល់ទីនោះនៅចុងឆ្នាំនេះ។
គួរជម្រាបថា ឈ្មោះ Queqiao របស់ផ្កាយរណបខាងលើ គឺមានន័យថា «ស្ពានល្វាចេក»។ នៅក្នុងរឿងព្រេងចិន សត្វល្វាចេកតែងតែនាំគ្នាប្រើស្លាបរបស់ពួកវា តភ្ជាប់ជាស្ពានមួយ ជារៀងរាល់យប់ទី០៧ នៃខែទី០៧ នៅក្នុងប្រតិទិនច័ន្ទគតិ ដើម្បីអនុញ្ញាតឲ្យនាង Zhi Nu ដែលជាបុត្រីទី ៧ របស់ម្ចាស់ក្សត្រីនៃឋានសួគ៌ ធ្វើដំណើរឆ្លងកាត់ដើម្បីទៅជួបស្វាមីជាទីស្រឡាញ់ ដែលឃ្លាតពីទ្រង់ដោយសារទន្លេ Milky Way៕