(ម៉ានីល)៖ ក្រសួងការបរទេសហ្វីលីពីននៅថ្ងៃចន្ទនេះបានឱ្យដឹងថា ទីក្រុងម៉ានីល កំពុងចាត់វិធានការសកម្មភាពតាមផ្លូវទូត ដើម្បីការពារការអះអាងរបស់ខ្លួនលើសមុទ្រចិនខាងត្បូង បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែកចិនបានចុះចតនៅឯកោះ និងតំបន់ថ្មប៉ប្រះ ទឹកនៅក្នុងតំបន់ជម្លោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។
យោងតាមកងទ័ពអាកាសចិន យន្ដហោះទម្លាក់គ្រាប់បែក ដូចជា H-6K បានចុះចត និងធ្វើការហោះហើរចាកចេញពីកោះ និងតំបន់ថ្មប៉ប្រះទឹកក្នុងតំបន់សមុទ្រចិនខាងត្បូង គឺជាផ្នែកមួយនៃការធ្វើសមយុទ្ធយោធាកាលពីសប្ដាហ៍មុន ខណៈសហរដ្ឋអាមេរិកក៏បាន បញ្ជូននាវាទៅកាន់តំបន់ជម្លោះផងដែរ។ ចំណែកឯ ក្រសួងការបរទេសហ្វីលីពីន បាននិយាយថា ខ្លួនបាននិងកំពុងឃ្លាំមើលការវិវឌ្ឍស្ថានការណ៍បច្ចុប្បន្ន ប៉ុន្តែទីក្រុងម៉ានីល ហាក់ដូចជាមិនបានថ្កោលទោសទីក្រុងប៉េកាំងចំៗនោះទេ។
«យើងនឹងកំពុងចាត់វិធានការ និងសកម្មភាពការទូតយ៉ាងសមស្របព្រមទាំងចាំបាច់នានា ដើម្បីការពារការអះអាងរបស់យើង ហើយនឹងបន្តធ្វើដូច្នេះនៅពេលអនាគត។ មិនតែប៉ុណ្ណោះយើងនៅតែអះអាងថា ពីការប្ដេជ្ញាចិត្តការពារបូរណភាពទឹកដីរបស់យើងតែមួយគត់ រួមទាំងតំបន់ដែលយើងមានដែនអធិបតេយ្យភាពលើ»។ នេះគឺជាការគូសបញ្ជាក់ របស់ក្រសួងការបរទេសហ្វីលីពីន។
គួររំលឹកថា ចិនបានអះអាងថាតំបន់សមុទ្រចិនខាងត្បូង គឺជាកម្មសិទ្ធិរបស់ខ្លួនស្ទើរតែទាំងស្រុង ខណៈហ្វីលីពីន វៀតណាម តៃវ៉ាន់ ព្រុយណេ និងម៉ាឡេស៊ី ក៏បានទាមទារចំណែកគ្រប់គ្រងរៀងៗខ្លូនផងដែរ។ តំបន់សមុទ្រចិនខាងត្បូង ជាតំបន់យុទ្ធសាស្ត្រដែនទឹក ដ៏សំខាន់ និងមានពាណិជ្ជកម្មឆ្លងកាត់ក្នុងមួយឆ្នាំៗ គិតជាទឹកប្រាក់ស្មើនឹង ០៣ទ្រីលានដុល្លារ៕