(ម៉ូស្គូ)៖ សហរដ្ឋអាមេរិកចាត់ទុកថា ការបោះឆ្នោតប្រធានាធិបតីវេណេស៊ុយអេឡា កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) គឺធ្វើឡើងដោយខុសច្បាប់។ នេះបើតាមលោកស្រី ហ៊ឺធើ ណឺត (Heather Nauert) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២១ ខែឧសភា ២០១៨។
ថ្លែងនៅលើ Twitter លោកស្រី Heather Nauert បានលើកឡើងយ៉ាងដូច្នេះថា «ការបោះឆ្នោតប្រធានាធិបតីវេណេស៊ុយអេឡា នៅថ្ងៃនេះ (ថ្ងៃអាទិត្យ) គឺធ្វើឡើងដោយខុសច្បាប់។ សហរដ្ឋអាមេរិកឈរនៅជាមួយប្រជាជាតិប្រជាធិបតេយ្យទាំងអស់ នៅលើពិភពលោក ហើយគាំទ្រប្រជាជនវេណេស៊ុយអេឡា និងសិទ្ធិអធិបតេយ្យភាពរបស់ពួកគេ ក្នុងការបោះឆ្នោតជ្រើសរើសអ្នកតំណាងរបស់ខ្លួន តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌»។
គួរបញ្ជាក់ថា បើទោះជាមួយការថ្កោលទោស និងរិះគន់ឥតល្ហែយ៉ាងណាក៏ដោយ ក៏ក្នុងចំណោមបេក្ខប្រធានាធិបតីវេណេស៊ុយអេឡា សំខាន់ៗទាំង ០៤នាក់ គេឃើញថា ប្រធានាធិបតីបច្ចុប្បន្ន លោក នីកូឡាស់ ម៉ាឌូរ៉ូ មានលទ្ធភាពខ្ពស់ជាងគេថា អាចនឹងឈ្នះនៅក្នុងការ បោះឆ្នោតនេះជាលើកទី ២ ដែលមានអាណត្តិរយៈពេល ០៦ឆ្នាំ៕