(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបើកកិច្ចសន្ទនាតាម ទូរស័ព្ទនៅថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាលើការធានាមួយថាកិច្ចប្រជុំកូរ៉េខាងជើង និងសហរដ្ឋអាមេរិក នឹងត្រូវធ្វើឡើងតាមការគ្រោង ទុក បន្ទាប់ពីទីក្រុងព្យុងយ៉ាង ព្រមានលុបចោលជំនួបកំពូលនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១៨។
លោក មូន និងលោកត្រាំ បានជជែកគ្នាតាមទូរស័ព្ទរយៈពេល២០នាទី និងបានផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកជុំវិញប្រតិកម្មថ្មីៗ ពីសំណាក់កូរ៉េខាងជើង។ នេះបើតាមក្រុមមន្ត្រីការិយាប្រធានាធិបតីកូរ៉េខាងត្បូង ដោយមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។ ក្រុមមន្ត្រី
ដដែលបានគូសបញ្ជាក់ដូច្នេះថា៖«មេដឹកនាំទាំងពីរនឹងធ្វើការងារជាមួយគ្នាយ៉ាងជិតស្និទដើម្បឱ្យជំនួបកំពូលកូរ៉េខាងជើង-អាមេរិក នៅថ្ងៃទី១២ ខែមិថុនា ព្រមទាំងជំនួបកំពូល កូរ៉េខាងត្បូង-អាមេរិកប្រព្រឹត្តទៅបានដោយជោគជ័យ«។
គួរបញ្ជាក់ថា លោក មូន ជែអ៊ីន និងលោក ដូណាល់ ត្រាំ នឹងត្រូវចូលរួមក្នុងជំនួបកំពូលកូរ៉េខាងត្បូង-អាមេរិក នៅថ្ងៃអង្គារ សប្ដាហ៍ នេះ ក្នុងទីក្រុងវ៉ាស៊ីនតោន មុននឹងលោក គីម ជុងអ៊ុន ត្រូវជួបជាមួយលោកត្រាំ នៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ នៅឯប្រទេស សិង្ហបុរី។ ប៉ុន្តែកាលពីសប្ដាហ៍មុន កូរ៉េខាងជើងបានព្រមានលុបចោលជំនួបនេះ ដោយសារតែការធ្វើសមយុទ្ធយោធារវាង កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក៕