(អង់ការ៉ា)៖ ទីភ្នាក់ងារស៊ើបការសំងាត់របស់តួកគី និងរដ្ឋក្នុងតំបន់បាល់កង់ កំពុងដឹកនាំការស៊ើបអង្កេតរួមគ្នាមួយ ជុំវិញរបាយការណ៍ទាក់ទិននឹងគំរោងលួចធ្វើឃាតប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១៨។
របាយការណ៍ខាងលើ កើតមានឡើងនៅចំពេលដែលលោក Erdogan គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេស Bosnia and Herzegovina នៅថ្ងៃអាទិត្យនេះ។ ព័ត៌មានពាក់ព័ន្ធនឹងគំរោងធ្វើឃាតប្រធានាធិបតីតួកគីរូបនេះ ត្រូវបានប្រមូលដោយទីភ្នាក់ងារ ចារកម្មម៉ាសេដូនី (Macedonian) ពីប្រជាជនតួកគីកំពុងរស់នៅក្នុងប្រទេសម៉ាសេដូនី ហើយត្រូវបានបញ្ជូនបន្តទៅឱ្យទីភ្នាក់ងារចារ កម្មតួកគី។ «យើងបានដឹងថាមានក្រុមមនុស្សមួយចំនួនមានការព្រួយបារម្ភ ដែលយើងមានមេដឹកនាំរឹងមំាម្នាក់ ហើយនេះជាមូលហេតុ ដែលពួកគេចង់សម្លាប់គាត់ (លោក Erdogan)។ ជាងនេះទៅទៀត មានរបាយការណ៍ខ្លះបាននិយាយពីគំរោងសម្លាប់គាត់...ប៉ុន្តែ ប្រធានាធិបតីរបស់យើងមិនមែនជាមនុស្សខ្លាចការគំរាមកំហែងនោះទេ ហើយគាត់ក៏នឹងមិនផ្លាស់គោលនយោ បាយរបស់គាត់ដែរ។ អ្នកដែលយល់ដូច្នោះគឺជាមនុស្សឆ្កួត»។ នេះបើតាមការលើកឡើងនៅលើ Twitter របស់ឧបនាយករដ្ឋមន្ត្រី តួកគី លោក Bekir Bozdag។
គួរបញ្ជាក់ថា លោក Erdogan បានឡើងកាន់អំណាចជាប្រធានាធិបតីតួកគី នៅឆ្នាំ២០១៤ បន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេលជាង១១ឆ្នាំ។ លោកក៏នឹងចូលរួមផងដែរ ក្នុងការបោះឆ្នោតប្រធានាធិបតីតួកគី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែមិថុនា ខាងមុខនេះ៕