(ប៉េកាំង)៖ ក្រោយពាក់មុខយក្សដាក់គ្នាអស់ជាច្រើនសប្ដាហ៍ នៅទីបំផុត ចិន និងសហរដ្ឋអាមេរិក បានឯកភាពគ្នាបោះបង់ចោល សង្រ្គាមពាណិជ្ជកម្ម និងឈប់គំរាមតម្លើងពន្ធដាក់គ្នាទៅវិញទៅមក។ នេះបើតាមអនុនាយករដ្ឋមន្ត្រីចិន លោក Liu He ដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១៨។
លោក Liu ដែលបានដឹកនាំប្រតិភូជាន់ខ្ពស់ចិន ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្នុងសប្ដាហ៍នេះ បានឱ្យដឹងដូច្នេះថា៖«សហរដ្ឋអាមេរិក និងចិន បានឈានដល់ការឯកភាពថានឹងបញ្ឈប់សង្រ្គាមពាណិជ្ជកម្ម ក៏ដូចជាបញ្ឈប់ការតម្លើងពន្ធដាក់គ្នាទៅវិញទៅមក»។ មិនតែ ប៉ុណ្ណោះ ចិនក៏បានយល់ព្រមទិញផលិតផលអាមេរិកបន្ថែមផងដែរ សំដៅកាត់បន្ថយឱនភាពពាណិជ្ជកម្មអាមេរិក។ ប៉ុន្តែនៅក្នុង សេចក្ដីថ្លែងការណ៍រួមអាមេរិក-ចិន ចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់ ក្នុងសប្ដាហ៍នេះ មិនបានបញ្ជាក់ពីការកាត់បន្ថយ ឱនភាពពាណិជ្ជកម្មអាមេរិក ២០០ពាន់លានដុល្លារ ដែលលោកប្រធានាធិបតីដូណាល់ ត្រាំ ចង់បាននោះទេ។
«វាគឺជាការព្រមព្រៀងគ្នាស្ដីពីការចាត់វិធានការប្រកបដោយប្រសិទ្ធិភាព ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ក្នុងការផ្ដោះប្ដូរទំនិញជាមួយចិន។ មួយវិញទៀត សំដៅឆ្លើយតបនឹងការ កើនឡើងនៃតម្រូវការប្រើប្រាស់របស់ប្រជាជនចិន និងភាពចាំបាច់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមានគុណភាពខ្ពស់ ចិននឹងបង្កើនការទិញ ទំនិញ ព្រមទាំងសេវាកម្មពីសហរដ្ឋអាមេរិក ហើយដែលនេះនឹងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការងារនៅក្នុងសហរដ្ឋអាមេរិក» ។ នេះបើតាមសេចក្ដីថ្លែងការណ៍រួម អាមេរិក-ចិន។