(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានយល់ព្រមទិញផលិតផលអាមេរិកបន្ថែមសំដៅកាត់បន្ថយឱនភាពពាណិជ្ជកម្មអាមេរិក។ ប៉ុន្តែនៅក្នុង សេចក្ដីថ្លែងការណ៍រួមអាមេរិក-ចិន ចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់ មួយនៅឯទីក្រុងវ៉ាស៊ីនតោន ក្នុងសប្ដាហ៍នេះ មិនបាន បញ្ជាក់ពីការកាត់បន្ថយឱនភាពពាណិជ្ជកម្មអាមេរិក ២០០ពាន់លានដុល្លារ ដែលលោកប្រធានាធិបតីដូណាល់ ត្រាំ ចង់បាននោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១៨។
សេចក្ដីថ្លែងការណ៍រួមអាមេរិក-ចិន បានគូសបញ្ជាក់ដូច្នេះថា៖«វាគឺជាការព្រមព្រៀងគ្នាស្ដីពីការចាត់វិធានការប្រកបដោយប្រសិទ្ធិភាព ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ក្នុងការផ្ដោះប្ដូរទំនិញជាមួយចិន។ មួយវិញទៀត សំដៅឆ្លើយតបនឹងការ កើនឡើងនៃតម្រូវការប្រើប្រាស់របស់ប្រជាជនចិន និងភាពចាំបាច់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមានគុណភាពខ្ពស់ ចិននឹងបង្កើនការទិញ ទំនិញ ព្រមទាំងសេវាកម្មពីសហរដ្ឋអាមេរិក ហើយដែលនេះនឹងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការងារនៅក្នុងសហរដ្ឋអាមេរិក» ។
តែទោះជាយ៉ាងនេះក្ដី សេចក្ដីថ្លែងការណ៍រួម មិនបានបញ្ជាក់ពីការកាត់បន្ថយឱនភាពពាណិជ្ជកម្មអាមេរិក ២០០ពាន់លានដុល្លារ ដែលលោកប្រធានាធិបតីដូណាល់ ត្រាំ ចង់បាននោះទេ ខណៈទីក្រុងប៉េកាំងបានអះអាងថាខ្លួននឹងធ្វើវិសោធនកម្មច្បាប់នានា ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ក្នុងនោះរួមមានទាំងច្បាប់ប៉ាតង់ ដើម្បីលើកទឹកចិត្តដល់ការទិញទំនិញពីសហរដ្ឋអាមេរិក៕