(សេអ៊ូល)៖ ប្រធានក្រុមហ៊ុន LG ដែលជាក្រុមហ៊ុនសម្ព័ន្ធធំជាងគេលំដាប់ទី០៤ នៅក្នុងប្រទេសកូរ៉េខាងត្បូង លោក Koo Bon-moo បានទទួលមរណភាព នៅថ្ងៃអាទិត្យនេះ នៅឯទីក្រុងសេអ៊ូល ក្នុងវ័យ៧៣ឆ្នាំ ដោយសារជំងឺ។ នេះបើតាមក្រុមហ៊ុន LG ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន ក្រុមហ៊ុន LG បានឱ្យដឹងថាលោក Koo បានលាចាកលោកដោយសន្តិភាព ក្រោមការសម្លឹងមើលពីគ្រួសាររបស់លោក។ លោក Koo បានទទួលការវះកាត់ផ្នែកខួរក្បាលជាច្រើនដង នៅដើមឆ្នាំ២០១៨នេះ ហើយក្នុងរយៈពេលថ្មីៗនេះ លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាថ្មី បន្ទាប់ពីស្ថានភាពសុខភាពរបស់លោកកាន់តែធ្លាក់ចុះដុនដាប។
គួរបញ្ជាក់ថា លោក Koo Bon-moo បានទទួលមរណភាព ដោយបន្សល់ទុកភរិយា កូនស្រីពីរនាក់ និងកូនប្រុសចិញ្ចឹមម្នាក់ឈ្មោះ Koo Kwang-mo ដែលគេជឿជាក់ថា អាចនឹងក្លាយជាស្នងដំណែងពីលោកគ្រប់គ្រងក្រុមហ៊ុនសម្ព័ន្ធ LG។ លោក Koo បានដឹកនាំ ក្រុមហ៊ុន LG អស់រយៈពេលជាង២៤ឆ្នាំ៕