(គុយបា)៖ ក្រុមមន្ត្រីគុយបា បានឱ្យដឹងថាពួកគេបានរកឃើញប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់សខ្មៅទាំងពីរនៃយន្ដហោះមួយគ្រឿង ដែលបានធ្លាក់នៅក្បែរអាកាសយានដ្ឋាន ឡាហាវ៉ាន់ ដោយផ្ដាច់យកជីវិតមនុស្សច្រើនជាង១០០នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១៨។
បើតាមរដ្ឋមន្ត្រីដឹកជញ្ជូនគុយបា លោក Adel Yzquierdo ប្រអប់ខ្មៅខាងលើមានលក្ខណៈនៅល្អប្រសើរ ហើយលោកសង្ឃឹមថា ប្រអប់ខ្មៅទី០២ នឹងត្រូវរកឃើញក្នុងពេលឆាប់ៗនេះ។ លើសពីនេះទៅទៀត រដ្ឋមន្ត្រីរូបនេះក៏បានទទួលជាផ្លូវការដែរថាមនុស្សស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះកាលពីថ្ងៃសៅរ៍ គឺមានចំនួន១១០នាក់ ក្នុងនោះមាន១១នាក់ជាជនបរទេស ខណៈស្ត្រី០៣នាក់នៅរស់ រាន្តមានជីវិត តែរងរបួសធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា យន្តហោះដែលធ្លាក់នោះជាប្រភេទ Boeing 737-201 ហើយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៃការធ្លាក់នៅឡើយនោះទេ ដោយវាកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត។ យន្តហោះនេះមានគោលដៅពីរដ្ឋធានីឡាហាវ៉ាន់ ឆ្ពោះទៅកាន់ទីក្រុង ហូលហ្គីន (Holguin) ដោយវាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Damojh នៃប្រទេសម៉ិចស៊ីកូ និងត្រូវបានជួលដោយក្រុមហ៊ុនអាកាសចរណ៍គុយបា។ ចំណែកឯ រដ្ឋាភិបាលគុយបាក៏បានប្រកាសកាន់ទុក្ខដល់ជនរងគ្រោះរយៈពេលពីរថ្ងៃផងដែរ ដោយចាប់ផ្ដើមកាលពីថ្ងៃសៅរ៍៕