(ឡុងដ៍)៖ ព្រះរាជពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ ហារី និងនាង មេហ្គាន ម៉ាខល (Meghan Markle) កំពុងតែប្រារព្ធធ្វើឡើងហើយ នៅក្នុងប្រាសាទ Windsor Castle នៃរាជវាំងចក្រភពអង់គ្លេស ដែលនេះជាអាពាហ៍ពិពាហ៍នៃខ្សែរាជវង្សអង់គ្លេសដ៏ធំមួយ កំពុងតែធ្វើការផ្សាយបន្តផ្ទាល់ឲ្យពិភពលោកបានទស្សនា។ នេះបើតាមការចេញផ្សាយដោយ BBC នាល្ងាចថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨។
ពិធីរៀបអភិសេកខាងលើនេះ ត្រូវបានយាង និងចូលរួមដោយក្រុមគ្រួសារញាតិវង្ស និងមន្ត្រីអ្នកមុខអ្នកការនៅក្នុងចក្រភពអង់គ្លេសសរុបជាង ៦០០អង្គ-នាក់។ បើគិតពីតួនាទីវិញ គឺព្រះអង្គម្ចាស់ ហារី មានព្រះនាមនៅលំដាប់លេខរៀងទី ៦ នៃអង្គក្សត្ររបស់ចក្រភពអង់គ្លេស ដែលអាចឡើងស្នងរាជ្យបន្តពីម្ចាស់ក្សត្រីយ៍ អេលីហ្សាប៊ែត ទី២។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Harry គឺជាបុត្រាពៅរបស់ម្ចាស់ក្សត្រីយ៍ ឌីយ៉ាណា (Diana) ដែលទ្រង់បានប្រសូត្រកាលពីឆ្នាំ១៩៨៤។ ដោយឡែកមហេសីរបស់ព្រះអង្គពេលនេះ គឺនាង Meghan គឺជាសកម្មជនមនុស្សធម៌មកពីអាមេរិក និងជាអតីតតារាសម្តែងផងដែរ។ ក្រៅពីក្រុមគ្រួសារញាតិវង្ស ប្រជាជននៃចក្រភពអង់គ្លេសរាប់ពាន់នាក់ ក៏បានចូលរួមអបអរសាទរ នៅតាមដងផ្លូវមុខព្រះរាជវាំងទៀតផង៕