(គូឡាឡាំពួ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បានធ្វើការតវ៉ាចំពោះទង្វើមិនសមរម្យពីសំណាក់មន្ត្រីប៉ូលិសមួយចំនួន ដែលបានចូលលុកលុយផ្ទះរបស់កូនប្រុសស្រីលោក កាលពីពេលថ្មីៗនេះ នៅក្នុងការស៊ើបអង្កេតករណីពុលរលួយ នៃក្រុមគ្រួសារលោកទាំងមូលតែម្តង ហើយសូម្បីស្បែកជើងចៅរបស់លោក ក៏ត្រូវបានរឹបអូសផងដែរ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាល្ងាចថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨។
មេធាវីរបស់លោក ណាជីប ឈ្មោះ ហាផាល់ ស៊ីញ គ្រែវ៉ាល (Harpal Singh Grewal) បានប្រកាសអំពីការតវ៉ារបស់លោក នៅថ្ងៃសៅរ៍នេះតែម្តង ដោយក្នុងនោះមានការលើកឡើងអំពីសកម្មភាពប៉ូលិស បានចូលទៅក្នុងផ្ទះកូនៗរបស់លោក ណាជីប រួចបើកយកចំណីអាហារមួយចំនួនចេញពីទូរទឹកកក មកបរិភោគដោយសេរី និងទាមទារឲ្យម្ចាស់ផ្ទះរៀបចំចំណីសម្រាប់ទទួលពួកគេពេលចុះឆែកឆេរផ្ទះថែមទៀតផង។ ទង្វើនេះត្រូវបាន លោក ណាជីប ចោទថាជាការរើសអើងបំផុត។
គួរបញ្ជាក់ថា ប៉ូលិសបានធ្វើការឆ្មក់ចូលឆែកឆេរខុនដូប្រណិត នៅក្នុងសង្កាត់ Jalan Raja Chulan នៃទីក្រុងគូឡាឡាំពួ កាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីធ្វើការស៊ើបអង្កេត ករណីចោទប្រកាន់នៃអំពើពុលរលួយរបស់ លោក ណាជីប និងក្រុមគ្រួសារ ជាពិសេសគឺប្រពន្ធរបស់លោកផ្ទាល់តែម្តង។ ប៉ុន្តែខុនដូប្រណិតទាំងពីរនេះ គឺមួយសម្រាប់កូនប្រុសលោក និងមួយទៀតសម្រាប់កូនស្រីលោកស្នាក់នៅ។
សម្រាប់ការចុះទៅទីតាំងខុនដូរបស់ក្រុមគ្រួសារខាងលើនេះ ត្រូវបានប៉ូលិសម៉ាឡេស៊ីអះអាងថា បានរកឃើញកាបូបផ្ទុកលុយទាំងគីបៗ និងគ្រឿងអលង្កាជាច្រើនទៀតផងដែរដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតទាំងមូល។ ជុំវិញបញ្ហានេះ លោក ណាជីប បានសម្តែងការខកចិត្តនឹងតក់ស្លុតជាខ្លាំង ដោយលោកបានអះអាងថា សូម្បីតែស្បែកជើង និងខោអាវមួយចំនួនរបស់ចៅលោក ក៏ត្រូវបានរឹបអូសយកទៅដែរ៕