(ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន វីសិនណក់ (Visionox) បានចាប់ដំណើរការរោងចក្រដំបូង ដែលផលិតកញ្ចក់ប្រភេទ AMOLED ប្រកបដោយភាពបត់បែនខ្ពស់ជំនាន់ទី ៦ របស់ខ្លួននៅក្នុងស្រុកគូអាន (Gu'an) នៃខេត្តហេបៃ (Hebei) ភាគខាងជើងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨។
រោងចក្រខាងលើស្ថិតនៅក្នុងទីក្រុងឧស្សាហកម្មថ្មី គូអាន (Gu'an) ដែលគ្រប់គ្រងប្រតិបត្តិការដោយក្រុមហ៊ុនអភិវឌ្ឍន៍ដែនដី CFLD របស់ប្រទេសចិន។ សម្រាប់សមត្ថភាពផលិតរបស់រោងចក្រនេះវិញ គឺបន្ទះកញ្ចក់ចំនួន ៣០,០០០ផ្ទាំង ក្នុងមួយខែដើម្បីអាចឆ្លើយតបតាមតម្រូវរបស់ស្មាតហ្វូនជិត ១០០លានគ្រឿង ដែលទាមទារឲ្យមានអេក្រង់គុណភាពល្អ។
គួរជម្រាបថា កាលពីមុនៗក្រុមហ៊ុននានារបស់ប្រទេសចិន តែងតែមានការពឹងផ្អែកធំធេង ទៅលើការនាំចូលផលិតផលអេក្រង់ ដែលមានគុណភាពខ្ពស់ពីក្រៅប្រទេស រួមមានកញ្ចក់ប្រភេទកោង និងអាចបត់បានជាដើម ហើយមានតែកូរ៉េខាងត្បូង និងជប៉ុនប៉ុណ្ណោះ ដែលមានបច្ចេកទេសខ្ពស់ក្នុងការផលិតអេក្រង់នៅលើលោក៕