(សាន់ហ្រ្វាន់ស៊ីស្កូ)៖ ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing បានប្រកាសពីឆន្ទៈក្នុងការផ្តល់ជំនួយផ្នែកបច្ចេកទេស (ការស្វែងរកប្រអប់ខ្មៅ និងការស្រាវជ្រាវមូលហេតុធ្លាក់) ដល់ប្រទេសគុយបា ក្រោយហេតុការណ៍ធ្លាក់យន្តហោះដ៏រន្ធត់ ដែលបានផ្តាច់ជីវិតមនុស្សប្រមាណ ១០១នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨។
Boeing បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន បានត្រៀមលក្ខណៈរួចស្រេច ដើម្បីជួយតាមតែអាចធ្វើទៅបាន ក្រោមច្បាប់របស់សហរដ្ឋអាមេរិក និងតាមការចង្អុលបង្ហាញពីសំណាក់ស្ថាប័នសុត្ថិភាពដឹកជញ្ជូនជាតិអាមេរិក ព្រមទាំងអាជ្ញាធរប្រទេសគុយបា។ ជាមួយគ្នានេះ ក្រុមហ៊ុន Boeing ក៏បានឆ្លៀតឱកាសចូលរួមមរណទុក្ខ ដល់ក្រុមគ្រួសារសាច់ញាតិ និងមិត្តភក្តិនៃជនរងគ្រោះ ដែលបានជួបគ្រោះនៅក្នុងជើងហោះហើរ ៩៧២ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Global Air របស់ម៉ិចស៊ីកូ ដែលជួលដោយគុយបា នៅក្បែររដ្ឋធានីឡាហាវ៉ាន់ផងដែរ។
គួរជម្រាបថា មនុស្សជាង ១០០នាក់ ត្រូវគេជឿជាក់ថា បានបាត់បង់ជីវិត ក្រោយពីយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737-200 មានផ្ទុកមនុស្សសរុប ១០៤នាក់ បានធ្លាក់ក្រោយពីបានហោះហើរ ចាកចេញពីព្រលានយន្តហោះអន្តរជាតិ Jose Marti នៃទីក្រុងឡាហាវ៉ាន់។ ក្នុងនោះអ្នកទាំងនោះមនុស្ស ០៤នាក់ ដែលរងរបួសធ្ងន់ ត្រូវគេអះអាងថា បាននៅមានជីវិតក្រោយគ្រោះថ្នាក់នេះ ប៉ុន្តែម្នាក់បានស្លាប់ នៅពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ដោយឡែកសម្រាប់មូលហេតុ ដែលបង្កឲ្យមានសោកនាដកម្មដ៏ធំនេះ ពុំទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ៕