(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឲ្យមានការកំណែទម្រង់ប្រព័ន្ធពន្ធនាគារ នៅទូទាំងសហរដ្ឋអាមេរិក ដោយលោកបានទទូចឲ្យសភាធ្វើយ៉ាងណា សម្រេចឲ្យបាននូវសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធនឹងបញ្ហានេះ ដើម្បីយកមកឲ្យលោកធ្វើការចុះហត្ថលេខា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងក្នុងកិច្ចប្រជុំមួយស្តីពីបញ្ហាប្រព័ន្ធពន្ធនាគារអាមេរិក នៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានធ្វើការទាមទារដូច្នេះថា «បញ្ជូនសេចក្តីព្រាងច្បាប់ឲ្យមកដល់តុការិយាល័យរបស់ខ្ញុំ ខ្ញុំនឹងចុះហត្ថលេខាលើវាភ្លាម»។ លោកប្រធានាធិបតីអាមេរិក បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែង ក្នុងការស្តារឡើងវិញនូវនីតិរដ្ឋ, បង្កាកុំឲ្យមានឧក្រិដ្ឋជនដ៏គ្រោះថ្នាក់នៅលើដងផ្លូវក្នុងប្រទេស, និងជួយដល់ទណ្ឌិតនានា ទទួលបានឱកាសជាលើកទីពីរនៅក្នុងឆាកជីវិតរបស់ពួកគេ។
គួរជម្រាបថា សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងបញ្ហានេះ កំពុងស្ថិតក្រោមការពិចារណា ក្នុងសភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក ដោយវាផ្តោតភាគច្រើនទៅលើការលើកកម្ពស់ស្ថានភាពពន្ធនាគារ និងជួយអ្នកទោសទាំងឡាយត្រៀមលក្ខណៈ កសាងជីវិតសាជាថ្មីនៅក្នុងសង្គមរស់នៅ។ សេចក្តីព្រាងនេះ ត្រូវបានអនុម័តដោយគណៈកម្មាធិការយុត្តិធម៌នៃសភាតំណាងរាស្រ្តកាលពីសប្តាហ៍មុន ខណៈការបោះឆ្នោតពីសំណាក់សមាជិកនៃសភាជាន់ទាបរបស់អាមេរិកនេះ ត្រូវគេរំពឹងថានឹងប្រព្រឹត្តទៅនាសប្តាហ៍ក្រោយ។
ទោះបីជាប្រធានាធិបតីអាមេរិក មើលទៅហាក់បីដូចជាមានភាពសុទិដ្ឋិនិយមខ្ពស់ក៏ដោយក្តី គម្រោងកែទម្រង់ពន្ធនាគាររបស់សេតវិមាន ទំនងជាមិនងាយនឹងឆ្លងផុតព្រឹទ្ធសភាអាមេរិកនោះឡើយ។ សម្រាប់បុគ្គលដែលដឹកនាំកិច្ចប្រឹងប្រែងនេះវិញ គឺលោក Jared Kushner ដែលជាកូនប្រសារប្រុស និងជាទីប្រឹក្សាជាន់ខ្ពស់របស់លោក ដូណាល់ ត្រាំ ផ្ទាល់៕