(អាមេរិក)៖ កែវយឺតអវកាស TESS របស់​អង្គការ NASA ដែលទើបត្រូវ​បានបាញ់បង្ហោះ​កាលពី​ខែមុន ដើម្បីឲ្យ​ទៅបំពេញ​​បេសកកម្មតាម​រុក​រកភព​អេលៀន​នៅជុំវិញ​ផ្កាយ ដែលនៅក្បែរៗ​ព្រះអាទិត្យ​នោះ បានធ្វើដំណើរ​ហោះទៅកៀក​នឹង​ឋានព្រះច័ន្ទ​នៅចម្ងាយ​ ៨,០០០គីឡូម៉ែត្រ​​។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីវែបសាយ Space.com នៅរសៀល​ថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨។

ការហោះទៅ​ក្បែរព្រះច័ន្ទ​បែបនេះ ត្រូវបាន​រចនាឡើង ក្នុងគោល​បំណងជួយដល់​ការធ្វើដំណើរ​របស់​កែវយឺត TESS នៅក្នុងគន្លង​គោចរជុំវិញ​ភពផែនដី ដែលពុំមាន​យានអវកាស​ណាមួយ ធ្លាប់បានកាន់​កាប់ (ស្ថិតនៅតំបន់គន្លងនោះ) ពីមុនមក​នោះ​ឡើយ។ បើតាម​​ទីភ្នាក់ងារ​អវកាសនេះ គន្លងគោចរ​​ដែលមាន​រាងពង​ក្រពើ​ស្តួច​ខ្លាំងនេះ នឹងអនុញ្ញាតឲ្យ TESS អង្កេតមើល​ផ្ទៃមេឃ​បានធំទូលាយ។

គួរជម្រាបថា កែវយឺត​អវកាស TESS ត្រូវគេរំពឹងថា នឹងចាប់ផ្តើម​បេសកកម្មរយៈពេល ០២ឆ្នាំ របស់វា នៅពាក់​កណ្តាល​ខែមិថុនាខាងមុខ ​ក្រោយបញ្ចប់​ការសម្របសម្រួល​ឧបករណ៍ផ្សេងៗ​នៅលើខ្លួនវា។ យ៉ាង​ណាមិញ TESS បាន​ថត​យក​រូប​ភាព​​សាក​ល្បង​​លើកដំបូង​របស់វា​រួច​ស្រេច​​ទៅហើយ ​ដែលបង្ហាញ​​ពី​ក្រុមផ្កាយ​ជាង ២០០,០០០ដួង នៅភាគខាងត្បូង​កញ្ចុំផ្កាយ Centaurus ដោយប្រើប្រាស់​កាមេរ៉ាមួយ​ក្នុងចំណោម​កា​មេរ៉ា​​ទំនើបៗទាំង ០៤ ដែលបំពាក់​នៅលើ​នោះ៕