(រុស្ស៊ី)៖ ខណៈនាពេលកន្លង​ទៅតែងតែមានការមើល​មុខគ្នា​មិនចំនោះ ការព្យាយាម​បង្កើត​ទំនាក់ទំនងល្អ​នឹងគ្នា​ឡើងវិញ ហាក់ដូច​ជាកំពុង​​​មានកើតមាន ស្របពេល​ដែលមេដឹកនាំ​អាល្លឺម៉ង់ លោកស្រី អាន់ជែឡា មើគែល (Angela Merkel) បានចូលរួម​ក្នុងកិច្ចពិភាក្សា​​ជាមួយ​​​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅឯ​ទីក្រុង សូជី (Sochi) ប្រទេសរុស្ស៊ី​នាចុង​សប្តាហ៍​នេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញ​ពីសារព័ត៌មាន​អង់គ្លេស Independent នៅព្រឹក​ថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងក្នុងសន្និសីទ​​សារព័ត៌មាន​មួយ ជា​មួយ​លោកស្រី Merkel លោក ពូទីន បានធ្វើការ​កោតសរសើរ​អំពើការចាប់ផ្តើម​​ទំនាក់ទំនង​​ថ្មី​ប្រកប ដោយសុឆន្ទៈ​ជាមួយ​អាល្លឺម៉ង់ ខណៈ​អធិការបតី​អាល្លឺម៉ង់​បានយល់​ស្របថា កិច្ចចរចា​ទាំងនេះ​ពិតជាមាន​សារៈសំខាន់ ហើយវានឹង​នៅតែបន្ត​កើតមាន នៅថ្ងៃខាងមុខទៀត។ ​

ការវិវត្ត​ស្ថានការណ៍​នេះ គឺអាចនិយាយ​បានថា គួរតែអរគុណ​ដល់​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ដែល​បាន​សម្រេច​ចិត្តដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​រ​អ៊ីរ៉ង់ ទោះបីជា​សម្ព័ន្ធមិត្ត​អឺរ៉ុបរបស់​ខ្លួន បានស្នើយ៉ាង​ទទូចធ្វើការ​គិត​គូរ​​ពិចារណា​ឲ្យបានច្បាស់​មុនធ្វើយ៉ាងដូច្នោះ​យ៉ាងណាក្តី បូករួមជាមួយ​ការទាមទារ និងព្រ​មាន​ឲ្យ​សមាជិក​អង្គការ NATO បង្កើនការ​ចំណាយលើ​វិស័យ​​យោធា​ជាដើម។​

​នៅក្នុងអំឡុង​នៃការធ្វើសន្និសីទ​ខាងលើ មេដឹកនាំប្រទេស​ទាំងពីរ​បានបញ្ជាក់ថា របៀបវារៈ​​នៃ​កិច្ចប្រជុំ​ គឺមានភាពទូលំទូលាយ​ដូចការ​រំពឹង​ទុក​​ប្រាកដមែន ហើយការពិភាក្សា​អំពីការ​ដាក់​ទណ្ឌកម្ម គឺពុំត្រូវបានធ្វើឡើង​នោះ​ឡើយ ដោយ​ជំនួស​វិញនូវការជជែក​ពីបញ្ហាអ៊ីរ៉ង់ ស៊ីរី ​អ៊ុយ​​ក្រែន និងវិស័យ​ថាមពល។

គួរជម្រាបថា បើតាម​លោក ចូសិព ចេនណីងស៍ (Joseph Jannings) ដែលជាប្រធាន​​​​​​​​​ការិយាល័យ​​​​​របស់​ក្រុម​ប្រឹក្សា​អឺរ៉ុបទទួល​បន្ទុកកិច្ចការ​បរទេស ​​ទោះបីជា​​​ជំនួប​នេះ​ ត្រូវបាន​គ្រោងទុកជា​មុន​យ៉ាងណាក្តី ប៉ុន្តែវាបានកើត​ឡើងចំពេល​​តែម្តង ដោយលោកស្រី Merkel មានបំណង​ចង់ឲ្យទីក្រុង​វ៉ាស៊ីនតោន​​ដឹងថា អាល្លឺម៉ង់​មិនមែន​ពឹងផ្អែកទាំងស្រុង ​តែទៅលើ​​សហរដ្ឋអាមេរិក​នោះ​ឡើយ សម្រាប់​បញ្ហា​អន្តរជាតិ​នោះ៕