(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចជ្រើសរើសមេទ័ពជើងទឹក លោក ហារី ហារីស (Harry Harris) ឡើងធ្វើជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងត្បូង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨។
ដំណឹងខាងលើនេះ ត្រូវបានធ្វើឡើងដោយសេតវិមានរបស់លោក ដូណាល់ ត្រាំ។ លោក Harris ដែលមានវ័យ ៦១ឆ្នាំ បច្ចុប្បន្នមានមុខតំណែងជាមេបញ្ជាការនៃទីបញ្ជាការដ្ឋានកងទ័ពជើងទឹកអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក ខណៈនៅមុនពេលត្រូវបានជ្រើសរើស ឲ្យកាន់តួនាទីជាអគ្គទូតអាមេរិកប្រចាំកូរ៉េខាងត្បូង លោក Harry Harris ត្រូវបានជ្រើសរើស ឲ្យធ្វើជាអគ្គរដ្ឋទូតប្រចាំអូស្រ្តាលីទៅវិញទេ តែយ៉ាងណាមិញ លោក Harris ពេលនេះត្រូវការការអនុម័តពីព្រឹទ្ធសភាអាមេរិកសិន មុនអាចឡើងកាន់តំណែងថ្មីជាផ្លូវការបាន។
គួរជម្រាបថា មុខតំណែងអគ្គរដ្ឋទូតអាមេរិកប្រចាំកូរ៉េខាងត្បូង គឺពុំមានអ្នកកាន់ចាប់តាំងតែពីលោក ត្រាំ បានឡើងកាន់អំណាចកាលពីឆ្នាំ២០១៧មកម្ល៉េះ ដោយបច្ចុប្បន្នលោក ម៉ាក ណេបភើ កាន់តំណែងជាអគ្គរដ្ឋទូតស្តីទីប៉ុណ្ណោះ៕