(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មជាថ្មីម្តងទៀត ទៅលើអ្នកនយោបាយដ៏មានឥទ្ធិពលមួយ នៅប្រទេសវេណេស៊ុយអេឡា រួមជាមួយបុគ្គល ០៣នាក់ទៀត ដែលមានទំនាក់ទំនងនឹងរូបលោក និងមានជាប់ពាក់ព័ន្ធក្នុងបណ្តាញអំពើពុករលួយរបស់ជនរូបនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨។
ក្រសួងរតនាគារជាតិអាមេរិក បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា ខ្លួនបានសម្រេចដាក់ទណ្ឌកម្មទៅលើបុគ្គលឈ្មោះ ឌីយ៉ុសដាឌូ ខាប៊ែលឡូ (Diosdado Cabello) ជាអនុប្រធានទីមួយនៃគណបក្សសង្គមនិយមរួបរួម ដែលជាបក្សរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ព្រមទាំងភរិយាក៏ដូចជាបងប្អូនប្រុសរបស់លោក Cabello។ ពាណិជ្ជករម្នាក់ទៀតឈ្មោះ រ៉ាហ្វាអែល អាល់ហ្វ្រេដូ សារៀ ឌីយ៉ាស់ (Rafael Alfredo Sarria Diaz) ដែលរងការចោទប្រកាន់ថា ជាដៃជើងរបស់លោក Cabello ក៏ត្រូវបានគេចាត់ចូលក្នុងបញ្ជីខ្មៅនេះដែរ។
សេចក្តីថ្លែងការណ៍ខាងលើនេះ បានសំដៅលើលោក Cabello ថាជាបុរសដែលមានអំណាចជាងគេលំដាប់ទីពីរ នៅក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីលោក ម៉ាឌូរ៉ូ ដោយចោទប្រកាន់លោកពីបទលាងលុយកខ្វក់ និងបទជាប់ពាក់ព័ន្ធ ក្នុងការរត់ពន្ធគ្រឿងញៀនពីវេណេស៊ុយអេឡាចូលទៅក្នុងអឺរ៉ុបជាដើម។
គួរជម្រាបថា សហរដ្ឋអាមេរិកបាននិងកំពុងបង្កើនសម្ពាធរបស់ខ្លួន ទៅលើប្រទេសអាមេរិកឡាទីនមួយនេះ តាមរយៈការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើក្រុមមន្រ្តីជាន់ខ្ពស់របស់លោក ម៉ាឌូរ៉ូ។ យ៉ាងណាមិញ វេណេស៊ុយអេឡាមិនទទួលស្គាល់ការដាក់ទណ្ឌកម្មណាមួយ មកលើខ្លួននោះឡើយ ប្រសិនបើពួកវាធ្វើឡើងដោយគ្មានការអនុញ្ញាត ពីអង្គការសហប្រជាជាតិទេនោះ។ ការដាក់ទណ្ឌកម្មថ្មីៗចុងក្រោយនេះ ត្រូវបានធ្វើឡើង នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅវេណេស៊ុយអេឡានាថ្ងៃអាទិត្យស្អែកនេះ ដែលក្នុងនោះលោក ម៉ាឌូរ៉ូ នឹងឈរឈ្មោះប្រកួតប្រជែង ដើម្បីកាន់អំណាចបន្តទៀត៕