(អាមេរិក)៖ មនុស្សបីនាក់បានទទួលរងការបាញ់ប្រហារ ក្នុងនោះម្នាក់បាត់បង់ជីវិត នៅក្នុងសាលាវិទ្យាល័យមួយកន្លែង នៅរដ្ឋហ្សកហ្ស៊ី (Georgia) ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក ខណៈមិនទាន់មានបញ្ជាក់ព័ត៌មានលម្អិតពីអត្តសញ្ញាណជនសង្ស័យ និងជនរងគ្រោះនោះទេ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា ករណីបាញ់ប្រហារខាងលើនេះ កើតមានឡើងនៅយប់ថ្ងៃសុក្រ (ម៉ោងនៅវ៉ាស៊ីនតោន) ត្រូវនឹងព្រឹកថ្ងៃសៅរ៍នេះ ម៉ោងនៅអាស៊ីខាងកើត ហើយវាបានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ការផ្ទុះករណីបាញ់ប្រហារយ៉ាងសាហាវក្នុងសាលារៀនមួយកន្លែងទៀត នៅក្នុងទីក្រុងហួស្តុន នៃរដ្ឋតិចសាស់ ដែលបានផ្តាច់ជីវិតមនុស្ស ១០នាក់ និង ១០នាក់ទៀតរងរបួស៕