(ឡាហាវ៉ាន់)៖ ប្រទេសគុយបាបានប្រកាសជាផ្លូវការ អំពីការកាន់ទុក្ខទូទាំងប្រទេស ចំនួនពីរថ្ងៃ ជូនដល់ជនរងគ្រោះទាំង ១០១នាក់ ដែលបានបាត់បង់ជីវិតក្នុងករណីធ្លាក់យន្តហោះដ៏គួរឲ្យរន្ធត់បំផុត នាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅទីក្រុងឡាហាវ៉ាន់) ខណៈអ្នករងរបួសម្នាក់ក្នុងចំណោមមនុស្ស ០៤នាក់ ដែលរងរបួសធ្ងន់នោះបានស្លាប់បាត់ទៅហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨។
យន្តហោះដែលធ្លាក់នោះជាប្រភេទ Boeing 737-201 ហើយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៃការធ្លាក់នៅឡើយនោះទេ ដោយវាកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត។ ដោយឡែកប្រធានាធិបតីគុយបា លោក មីហ្គែល ឌីយ៉ាស់ ខាណែល (Miguel Diaz-Canel) បានទៅដល់កន្លែងកើតហេតុដោយផ្ទាល់ និងបានថ្លែងតាមកញ្ចក់ទូរទស្សន៍ថា «នេះគឺជាព័ត៌មានមិនល្អ, ជនរងគ្រោះមានចំនួនច្រើនណាស់...»។
គួរបញ្ជាក់ថា យន្តហោះខាងលើនេះមានគោលដៅពីរដ្ឋធានីឡាហាវ៉ាន់ ឆ្ពោះទៅកាន់ទីក្រុង ហូលហ្គីន (Holguin) ដោយវាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Damojh នៃប្រទេសម៉ិចស៊ីកូ និងត្រូវបានជួលដោយក្រុមហ៊ុនអាកាសចរណ៍គុយបា៕