ទៀតហើយៗ! ក្មេងសិស្សសាលាអាមេរិក «កាន់កាំភ្លើងចូលសាលារៀន រួចបាញ់រះផ្តាច់ជីវិតមនុស្ស១០នាក់ និងរបួស១០នាក់»
19-05-2018 09:37
(ហួស្តុន)៖ មនុស្សយ៉ាងហោចណាស់ ១០នាក់ បានបាត់បង់ជីវិត និង ១០នាក់ផ្សេងទៀតរងរបួសនៅក្នុងករណីបាញ់ប្រហារយ៉ាងកក្រើក ក្នុងសាលារៀនមួយកន្លែងស្ថិតនៅក្នុងរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ (ម៉ោងនៅរដ្ឋតិចសាស់)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨។
អភិបាលរដ្ឋតិចសាស់ លោក ក្រេក អាប់បុតត៍ (Greg Abbott) បានបញ្ជាក់ថា ករណីបាញ់ប្រហារដ៏អាក្រក់បំផុត មិនធ្លាប់មាននៅសាលារៀនក្នុងរដ្ឋភាគខាងត្បូងនេះ បានផ្ទុះឡើងនៅក្នុងសាលា សាន់តាហ្វេ (Santa Fe) នៃភាគខាងអាគ្នេយ៍ទីក្រុងហួស្តុន។ បន្ថែមពីនេះទៀត អភិបាលរដ្ឋតិចសាស់ ដែលរដ្ឋសម្បូរដោយការបាញ់បោះសេរីមួយនេះ ក៏បានសម្តែងនូវមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុត ព្រមទាំងអំពាវនាវឲ្យឪពុកម្តាយបញ្ចូនកូនទៅរៀន ដោយគិតគូរបន្ថែមអំពីសុវត្ថិភាព។
គួរបញ្ជាក់ថា សិស្សសាលាម្នាក់ប្រដាប់ដោយកាំភ្លើងក្នុងដៃ បានចូលទៅក្នុងសាលារៀនហើយធ្វើការបាញ់បោះដោយសេរីតែម្តង។ បណ្តាអ្នកដែលបានឃើញហេតុការណ៍ជាក់ស្តែងបានអះអាងថា ពួកគេមិននឹកស្មានថា អាចមានមនុស្សកាន់កាំភ្លើងចូលមក និងធ្វើការបាញ់រះទាំងកម្រោលបែបនេះឡើយ ព្រោះពួកគេឈរនៅទីវាលធម្មតា ក្នុងសាលារៀន ដែលជាទីកន្លែងប្រកបដោយសុវត្ថិភាពជានិច្ចកន្លងមក។
ចំពោះអត្តសញ្ញាណនៃសិស្ស ដែលបានបង្កការបាញ់បោះខាងលើនេះវិញ គឺរូបគេមានឈ្មោះថា ឌីមីទ្រីយូស ផាហ្គួតហ្ស៊ីស (Dimitrios Pagourtzis) អាយុ ១៧ឆ្នាំ ដែលជាសិស្សនៃសាលារៀន Santa Fe ផ្ទាល់តែម្តង។ តាមការពិនិត្យឯកសារក្នុងកុំព្យូទ័ររបស់ក្មេងប្រុសរូបនេះ រូបគេបានសរសេរថា ខ្លួនចង់ធ្វើការបាញ់ប្រហារ និងសម្លាប់ខ្លួនឯងជាក្រោយ ហើយកាំភ្លើងដែលរូបគេប្រើនោះ គឺត្រូវបានលួចពីឪពុកខ្លួនឯង។ ពេលនេះការស៊ើបអង្កេតកំពុងបន្ត ដោយសិស្សសាលាដែលបានបង្កការបាញ់រះ កំពុងស្ថិតក្នុងការសាកសួរ រួមជាមួយជនសង្ស័យម្នាក់ទៀត៕