(គុយបា)៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Cuban Airline ជាមួយមនុស្ស ១០៤នាក់ ធ្លាក់នៅក្បែរអាកាសយានដ្ឋានទីក្រុង ឡាហាវ៉ាន់ (Havana) ប្រទេសគុយបា បន្ទាប់ពីហោះចាកចេញពីអាកាសយានដ្ឋានប៉ុន្មាននាទី ដោយក្នុងនោះក្រុមសង្គ្រោះបានរកឃើញអ្នកនៅរស់តែ ០៤នាក់ ប៉ុណ្ណោះ ហើយដោយឡែកមនុស្ស ១០០នាក់គត់បានបាត់បង់ជីវិត។ នេះបើយោងតាមសារព័ត៌មាន ស៊ីនហួរ ចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។
យន្តហោះដែលធ្លាក់នោះជាប្រភេទ Boeing 737-201 ហើយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៃការធ្លាក់នៅឡើយនោះទេ ដោយវាកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត។ ដោយឡែកប្រធានាធិបតីគុយបា លោក មីហ្គែល ឌីយ៉ាស់ ខាណែល (Miguel Diaz-Canel) បានទៅដល់កន្លែងកើតហេតុដោយផ្ទាល់ និងបានថ្លែងតាមកញ្ចក់ទូរទស្សន៍ថា «នេះគឺជាព័ត៌មានមិនល្អ, ជនរងគ្រោះមានចំនួនច្រើនណាស់...»។
គួរបញ្ជាក់ថា យន្តហោះខាងលើនេះមានគោលដៅពីរដ្ឋធានីឡាហាវ៉ាន់ ឆ្ពោះទៅកាន់ទីក្រុង ហូលហ្គីន (Holguin) ដោយវាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Damojh នៃប្រទេសម៉ិចស៊ីកូ និងត្រូវបានជួលដោយក្រុមហ៊ុនអាកាសចរណ៍គុយបា។ បន្ថែមពីនេះមនុស្សដែលនៅរស់ទាំង ០៤នាក់ នោះគឺកំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យទីក្រុងឡាហាវ៉ាន់ ដោយមានបុរសម្នាក់ និងស្ត្រីបីនាក់៕