(ជូបា)៖ អង្គការសុខភាពពិភពលោកហៅកាត់ថា WHO និងប្រទេសស៊ូដង់ខាងត្បូង បានសហការគ្នាក្នុងការអនុវត្តន៍ដំណោះស្រាយទប់ទល់ នឹងជំងឺ Ebola ដ៏កាចសាហាវបំផុត ដែលបានផ្ទុះឡើងវិញនៅតំបន់អាហ្វ្រិក ដោយក្នុងនោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកុងហ្គោ កំពុងកើតមានជំងឺនេះ ដោយបានសម្លាប់មនុស្ស ២៥នាក់ និង ៥៧នាក់ បានឆ្លងរួចមកហើយ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាយប់ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលស៊ូដង់ខាងត្បូង លោក Riek Gai Kok បានបញ្ជាក់ថា ប្រទេសរបស់លោកបានសហការជាប់ជានិច្ច ជាមួយនឹងអង្គការ WHO ដើម្បីធ្វើជាខែលការពារប្រជាជាតិក្មេងជាងគេបំផុត នៅតំបន់អាហ្វ្រិកមួយនេះ ពីការឆ្លងរាលដាលនៃជំងឺ Ebola ដែលជាប្រភេទជំងឺឆ្លងលឿន និងសម្លាប់មនុស្សយ៉ាងកាចសាហាវបំផុត។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រសប្តាហ៍នេះ អង្គការសុខភាពពិភពលោក (WHO) បានត្រៀមរៀបចំកិច្ចប្រជុំជាបន្ទាន់មួយ ដើម្បីពិភាក្សាពីការរីករាលដាលឡើងវិញនៃវីរុស Ebola នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកុងហ្គោ ខណៈករណីសង្ស័យថា ឆ្លងជំងឺនេះមាន ៤៥នាក់ថ្មីបន្ថែម, ១៤នាក់ត្រូវបានពិនិត្យថាមានជំងឺ និងមនុស្សស្លាប់ក្នុងប្រទេសកុងហ្គោ កើនឡើងដល់ ២៥នាក់៕