(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានចេញមុខមក បន្ធូរបន្ថយស្ថានការណ៍តានតឹងឡើងវិញ ក្រោយពីលោក ដូណាល់ ត្រាំ ប្រើប្រាស់អតីតកាលនៃរបបដឹកនាំលីប៊ី ដែលបានដួលរលំកាលពី ០៧ឆ្នាំមុន មកគម្រាមលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងឲ្យបោះបង់អាវុធនុយក្លេអ៊ែរចោលទាំងស្រុងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។
ជុំវិញបញ្ហាខាងលើ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានបញ្ជាក់នៅថ្ងៃសុក្រនេះថា «ប្រទេសចិននឹងបន្តជម្រុញឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងជើង កសាងទំនុកចិត្តរវាងគ្នានឹងគ្នា ហើយប្រឹងប្រែងក្នុងការលើកស្ទួយដំណោះស្រាយនយោបាយ ទៅលើបញ្ហាក្នុងតំបន់ឧបទ្វីបកូរ៉េ។ ចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងយកចិត្តទុកដាក់ក្នុងការដោះស្រាយការព្រួយបារម្ភផ្នែកសន្តិសុខរបស់កូរ៉េខាងជើង»។
គួរបញ្ជាក់ថា ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក ដូណាល់ ត្រាំ បាននិយាយថា បើសិនការទូតមិនបានទទួលជោគជ័យ លោក គីម ជុងអ៊ុន អាចនឹងមានជោគវាសនាឈឺចាប់ដូចគ្នាទៅនឹងលោក ហ្គាដាហ្វី ដែលត្រូវបានក្រុមឧទ្ទាម គាំទ្រដោយសហរដ្ឋអាមេរិកទម្លាក់ពីអំណាច និងសម្លាប់ចោលកាលពីឆ្នាំ២០១១៕