(កុងហ្គោ)៖ អង្គការសុខភាពពិភពលោក (WHO) នឹងរៀបចំកិច្ចប្រជុំជាបន្ទាន់មួយ ដើម្បីពិភាក្សាពីការរីករាលដាលឡើងវិញនៃវីរុស Ebola នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកុងហ្គោ ខណៈករណីសង្ស័យថា ឆ្លងជំងឺនេះមាន ៤៥នាក់, ១៤នាក់ត្រូវបានពិនិត្យថាមានជំងឺ និងមនុស្សស្លាប់ក្នុងប្រទេសអាហ្វ្រិកមួយនេះ កើនឡើងដល់ ២៥នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាវចថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។
ជាមួយគ្នានោះអង្គការអន្តរជាតិមួយនេះ ក៏នឹងធ្វើការសម្រេចចិត្តផងដែរនៅថ្ងៃសុក្រនេះថា គួរតែប្រកាសអាសន្ន ពីការព្រួយបារម្ភផ្នែកសុខភាពសាធារណៈ ឬក៏យ៉ាងណា ដើម្បីចាត់វិធានការឆ្លើយតប។ យោងតាមអាជ្ញាធរសុខាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានឱ្យដឹងថា ជំងឺអ៊ីបូឡា (Ebola) បាននិងកំពុងរាតត្បាតជាថ្មី (គិតក្នុងតំបន់អាហ្វ្រិក) ចេញពីតំបន់ជនបទទៅកាន់ទីក្រុងម៉ាបានដាកា (Mbandaka) ដោយបណ្ដាលឱ្យមានការព្រួយបារម្ភថា វានឹងពិបាកគ្រប់គ្រង ខណៈមនុស្ស ២៥នាក់ ទៅហើយត្រូវបានគេរាយការណ៍ថា បានស្លាប់ និងមនុស្សសរុប ៥៧នាក់ បានឆ្លងវីរុសដ៏សាហាវនេះ។
ម៉ាបានដាកា (Mbandaka) ជាទីក្រុងមួយមានមនុស្សជាងមួយលាននាក់រស់នៅ និងស្ថិត នៅចំងាយ ១៣០គីឡូម៉ែត្រ ពីតំបន់ជនបទមួយដែលករណីផ្ទុះឡើងវិញនៃវីរុសដ៏មហាប្រល័យនេះ ត្រូវបានគេរាយការណ៍កាលពីដើមខែឧសភា។ ចំណែកឯក្រុមអង្គការសុខភាពពិភពលោក (WHO) បានបញ្ជូនកញ្ចប់ថ្នាំពេទ្យ និងវ៉ាក់សាំងច្រើនជាង ៤,០០០កញ្ចប់ ទៅកាន់អាជ្ញាធរកុងហ្គោរួចហើយដែរ។
គួររំលឹកថា វីរុស Ebola បានផ្ដាច់យកអាយុជីវិតមនុស្ស ១១,៣០០នាក់ នៅក្នុងប្រទេសហ្គីណេ លីបេរីយ៉ា និងសៀរ៉ាឡេអូន កាលពីចន្លោះឆ្នាំ២០១៤ និង២០១៦ ដែលកាលណោះបានធ្វើឲ្យពិភពលោកភ័យខ្លាចមិនស្ទើរនោះទេ រួមទាំងតំបន់អាស៊ីរបស់យើងផងដែរ៕