(ហ្សាកាតា)៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណេស៊ីបានរាយការណ៍ថា បុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានគ្រវែងវត្ថុសង្ស័យដែលគេជឿជាក់ថា ជាគ្រាប់បែកទៅលើដងផ្លូវមួយកន្លែងស្ថិតនៅក្នុងស្រុក ស៊ីឌូអាចូ (Sidoarjo) នៃខេត្ត ជ្វា (Java) ភាគខាងកើតនៅថ្ងៃសុក្រនេះ។ ចំណែកឯក្រុម មន្ត្រីជំនាញត្រូវបានគេបញ្ជូនទៅកាន់កន្លែងកើតហេតុហើយ ដើម្បីពិនិត្យភាពជាក់ស្តែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។
សេចក្ដីរាយការណ៍ខាងលើ កើតមានឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយពីមានការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត ទៅលើ ព្រះវិហារសាសនាគ្រិស្តចំនួន ០៣កន្លែងខុសៗគ្នា នៅឯទីក្រុងសួរ៉ាបាយ៉ា (Surabaya) ដែលជាក្រុងធំជាងគេលំដាប់ទីពីររបស់ប្រទេស ឥណ្ឌូណេស៊ី នៅលើខេត្ត Java ខាងកើត និងបានបណ្តាលឲ្យមនុស្សបាត់បង់ជីវិតចំនួន ០៦នាក់ និងរបួស ៣៥នាក់។
ហេតុការណ៍ដ៏រន្ធត់ខាងលើ បានកើតឡើងនៅព្រះវិហារកាតូលិក សាន់តាម៉ារៀ (Santa Maria) ក្នុងតំបន់ ង៉ាជែង ម៉ាដយ៉ា (Ngagel Madya), ព្រះវិហារ ហ្គែរ៉េចា គ្រីស្ទិន (Gereja Kristen) នៅផ្លូវឌីផូណេហ្គូរ៉ូ (Diponegoro), និងព្រះវិហារ ផាន់តេកូស្តា (Pantekosta) នៅផ្លូវ អាជូណូ (Arjuno)។ ករណីបំផ្ទុះគ្រាប់បែកអត្តឃាតលើកទីមួយ បានកើតឡើងនៅម៉ោង ០៧៖១៥នាទីព្រឹកថ្ងៃអាទិត្យសប្ដាហ៍មុន (ម៉ោងនៅហ្សាការតា) ហើយករណីពីរផ្សេងទៀត បានកើតឡើងតាមក្រោយជាមួយគម្លាតរយៈពេល ០៥នាទីពីគ្នា។
គួរជម្រាបថា ឥណ្ឌូណេស៊ីដែលជាប្រទេសមានអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើននោះ ក៏ជាជម្រករបស់អ្នកដែលកាន់គ្រិស្តសាសនា ព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ក្នុងចំនួនច្រើនគួរសមផងដែរ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកជ្រុលនិយមបានធ្វើសកម្មភាពវាយប្រហារជាបន្តបន្ទាប់ ប្រឆាំងអ្នកកាន់គ្រិស្តសាសនា និងក្រុមភាគតិចដទៃទៀត៕