(ហ្សាការតា)៖ ក្រុមរដ្ឋអាជ្ញាឥណ្ឌូណេស៊ីនាថ្ងៃសុក្រនេះ បានដាក់សំណើទាមទារឲ្យមានការផ្តន្ទាទោសប្រហារជីវិត ទៅលើបុព្វជិតជ្រុលនិយមមួយរូប ជាមេក្រុមសកម្មប្រយុទ្ធមួយដែលទទួលឥទ្ធិពលពីពួក ISIS និងមានជាប់ពាក់ព័ន្ធក្នុងករណីវាយប្រហារយ៉ាងកក្រើកជាបន្តបន្ទាប់ នៅក្នុងប្រទេសអាស៊ានមួយនេះ ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងតិចចំនួន ៣១នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។
ជនឈ្មោះ អាមែន អាប់ឌួរ៉ាហមែន (Aman Abdurrahman) ក៏ដូចជាឈ្មោះមួយទៀតថា Oman Rahman នោះ ត្រូវគេចាត់ទុកថា ជាមេដឹកនាំនៃក្រុមសកម្មប្រយុទ្ធ ហ្សាម៉ាអាហ៍ អានហ្សារុត ដូឡាហ៍ (Jamaah Ansharut Daulah) ឬ JAD ដែលសមាជិកនៃក្រុមនេះ គឺជាជនដៃដល់នៅក្នុងការប៉ុនប៉ងហែកគុកក្នុងស្ថានីយប៉ូលិសមួយកន្លែង ព្រមទាំងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅឯព្រះវិហារគ្រិស្ត ០៣កន្លែង រួមជាមួយទីបញ្ជាការប៉ូលិសមួយកន្លែង នៅក្នុងប្រទេសឥណ្ឌូណេស៊ី គិតចាប់តាំងតែពីថ្ងៃសុក្រសប្តាហ៍មុននេះមក។
គួរជម្រាបថា ជន Abdurrahman ដែលជាអ្នកគាំទ្រមនោគមន៍វិជ្ជារបស់ក្រុមភេរវករ ISIS នៅឥណ្ឌួណេស៊ី បានឡើងសវនាការនាថ្ងៃសុក្រនេះ ជុំវិញតួនាទីរបស់ជនរូបនេះ នៅក្នុងការបញ្ជាឲ្យមានការវាយប្រហារអត្តឃាត នៅឯរដ្ឋធានីហ្សាការតា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ដែលបានផ្តាច់ជីវិតជនស៊ីវិល ០៤នាក់ និងជនបំផ្ទុះគ្រាប់បែកផ្ទាល់ចំនួន ០៤នាក់។ ជុំវិញសំណុំរឿងនេះ ក្រុមរដ្ឋអាជ្ញាឥណ្ឌូណេស៊ីបានទាមទារឲ្យអង្គចៅក្រម សម្រេចផ្តន្ទាទោសប្រហារជីវិតដល់បុគ្គលរូបនេះ។ ម៉្យាងវិញទៀត មន្រ្តីប៉ូលិសសរុបជាង ១០០នាក់ ក្នុងនោះមានមកពីអង្គភាពប្រឆាំងភេរវកម្មជាដើម ត្រូវបានដាក់ពង្រាយដើម្បីយាមការពារសវនាការនាថ្ងៃសុក្រនេះដែរ៕