(ព្យុងយ៉ាង)៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្នើទាមទារឲ្យកងកម្លាំងយោធា ផ្តល់ការជួយជ្រោមជ្រែងឲ្យអស់ពីលទ្ធភាពដល់ការកសាង ក៏ដូចជាអភិឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ។ នេះបើតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារព័ត៌មាន KCNA លោក គីម ជុងអ៊ុន បានធ្វើការអំពាវនាវយ៉ាងដូច្នេះ នៅក្នុងឱកាសបើកកិច្ចប្រជុំទ្រង់ទ្រាយធំមួយ របស់គណៈកម្មការយោធាមជ្ឈិម នៃគណបក្សពលករកូរ៉េខាងជើង។ លោក គីម បានទទូចឲ្យយោធានៃប្រទេសរបស់លោក ចូលរួមខិតខំថែរក្សាការពារនិងធានាឲ្យបាននូវកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តន៍នូវការសម្រេចចិត្ត ក្នុងការផ្តោតសំខាន់លើការកសាងសេដ្ឋកិច្ច តាមបែបសង្គមនិយម។
គួរជម្រាបថា បើតាម KCNA នៅក្នុងកិច្ចប្រជុំខាងលើ ក៏មានការជជែកពិភាក្សា និងសម្រេចចិត្តអំពីចំណាត់ការសំខាន់ៗមួយចំនួន ដើម្បីបន្តពង្រឹងវិស័យយោធារបស់ប្រទេសកូរ៉េខាងជើងផងដែរ៕